ភ្នំពេញ៖ ផលិតផលជលផលរបស់កម្ពុជាចំនួន ៤ប្រទេស គឺបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង នឹងត្រូវបានអនុញ្ញាតឱ្យនាំចេញទៅទីផ្សារប្រទេសចិន ក្រោយពីបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិនកាលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។
ស្ថានទូតចិនប្រចាំកម្ពុជាបានប្រាប់ឱ្យដឹងថា ជលផលកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន គឺជាសមិទ្ធផលដ៏សំខាន់ក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
បើតាមស្ថានទូតចិនប្រចាំកម្ពុជា មានតែក្រុមហ៊ុនខ្មែរដំបូងគេគឺ Cambodian Tienit International Trading ដែលបានជាប់ដំណាក់កាលនៃការត្រួតពិនិត្យរបស់រដ្ឋបាលគយប្រទេសចិននិងបានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ក្នុងងការនាំចេញជលផលទៅកាន់ប្រទេសចិនបន្ទាប់ពីចិន និងកម្ពុជាបានចុះហត្ថលេខារួមគ្នាលើ «ពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញជលផលទៅកាន់ប្រទេសចិន»។
អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការថា មិនយូរទៀតទេ ផលិតផលជលផលរបស់កម្ពុជាចំនួន ៤ប្រភេទ គឺបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង នឹងមានវត្តមានលើទីផ្សារប្រទេសចិន ដែលជាទីផ្សារមួយដ៏ធំ ទាំងនៅក្នុងតំបន់ និងពិភពលោក។
កញ្ញា អ៊ឹម រចនា បានគូសបញ្ជាក់ដូច្នេះថា៖ «លទ្ធផលនេះ មិនអាចកើតឡើងបានទេ ប្រសិនបើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និយាយដោយឡែក និងរាជរដ្ឋាភិបាលកម្ពុជា និយាយជារួមដាក់ចេញនូវគោលនយោបាយច្បាស់លាស់សម្រាប់វិស័យកសិកម្ម ដែលមិនត្រឹមតែផ្ដោតទៅលើការធានាសន្តិសុខស្បៀងនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏មានផងដែរ ការបន្តស្វែងរកទីផ្សារ និងបើកទីផ្សារសម្រាប់កសិផលខ្មែរដែលមានគុណភាពខ្ពស់ ស្របទៅតាមអនាម័យ និងភូតគាមអនាម័យទៅកាន់ទីផ្សារពិភពលោក»។
អនុរដ្ឋលេខាធិការក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានបន្តថា ការបើកទីផ្សារផលិតផលជលផលរបស់កម្ពុជា ៤ប្រភេទបន្ថែមទៀតទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ កម្ពុជាជឿជាក់ថា ផលិតផលជលផលធម្មជាតិរបស់កម្ពុជា នឹងក្លាយជាទីពេញនិយមរបស់ប្រជាជនចិន។
កញ្ញា និយាយបន្ថែមថា៖ «នេះគឺជាជោគជ័យថ្មីមួយទៀតនៅក្នុងការអភិវឌ្ឍវិស័យជលផលរបស់កម្ពុជា។ ការនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ទីផ្សារប្រទេសចិន មិនត្រឹមតែជំរុញការនាំចេញនាំចូលរវាងប្រទេសទាំង២ កម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែវានឹងរួមចំណែកជួយទៅដល់ជីវភាពរបស់ប្រជានេសាទកម្ពុជាផងដែរ»។
សូមរំលឹកថា កម្ពុជាកន្លងមកបាននាំចេញផលិតផលជលផលធម្មជាតិចំនួន ១២ប្រភេទ ដូចជា ត្រីប្រា ត្រីពោ បង្គាប៉ារ៉ា បង្គាខ្លឹង អន្ទង់ស្រែ កំពឹស និងខ្យង ជាដើមទៅទីផ្សារចិនតាមរយៈក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation បន្ទាប់ពីក្រុមហ៊ុនត្រូវបានអនុញ្ញាតឱ្យនាំចេញកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
គួរឱ្យដឹងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ចិន និងកម្ពុជាបានចុះហត្ថលេខារួមគ្នាលើពិធីសារស្តីពីលក្ខខណ្ឌ តម្រូវការត្រួតពិនិត្យ និងអនាម័យផលិតផលជលផលធម្មជាតិក្នុងការនាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន៕