ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងទេសចរណ៍ស្នើឱ្យ Uncle Roger សុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជាដែលនិយាយប៉ះពាល់ដល់ម្ហូបខ្មែរ

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជាបានចេញសេចក្តីថ្លែងការណ៍ដោយមានការសោកស្តាយជាខ្លាំងចំពោះ Youtuber Uncle Roger ដែលបានផ្សាយវីដេអូវាយតម្លៃមិនល្អលើម្ហូបអាហារខ្មែរកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ដោយដាក់ចំណងជើងថា «Uncle Roger Make Adobo» ដែលធ្វើឱ្យមហាជនទាំងពលរដ្ឋខ្មែរ និងប្រទេសឡាវ ខឹងសម្បារ និងមិនពេញចិត្តយ៉ាងខ្លាំង។

ក្រសួងទេសចរណ៍បានលើកឡើងថា ការវាយតម្លៃរបស់ Uncle Roger ពិតជាបានប្រាសចាកទាំងស្រុងពីតថភាពនៃកិត្យានុភាព អត្តសញ្ញាណម្ហូបអាហារខ្មែរ និងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទេសចរណ៍ម្ហូបអាហារដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ដែលបានខិតខំជំរុញការផ្សព្វផ្សាយនៅលើឆាកអន្តរជាតិឱ្យពិភពលោកទាំងមូលបានស្គាល់។

ក្រសួងទេសចរណ៍បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «កាលពីឆ្នាំ២០២២ សៀវភៅម្ហូបអាហារខ្មែរ “The Taste of Angkor" ដែលចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានជាប់ចំណាត់ថ្នាក់ The Best Asian Cookbook Prize នៅក្នុងកម្មវិធី The Gourmand World Cookbook Awards 2021 នៅទីក្រុងប៉ារីស»

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្រសួងកំពុងសហការជាមួយភាគីពាក់ព័ន្ឋយ៉ាងជិតស្និទ្ធ និងស្នើឱ្យបុគ្គល Nigel Ng ឬ Uncle Roger ដែលកើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩១ សុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា និងកែតម្រូវវីដេអូដែលបានចុះផ្សាយនោះឡើងវិញជាបន្ទាន់នៅលើបណ្តាញសង្គមរបស់ខ្លួន។

ក្រសួងទេសចរណ៍ អរគុណចំពោះការចូលរួមផ្តល់យោបល់កែលម្អរបស់សាធារណជនដើម្បីលើកស្ទួយវិស័យទេសចរណ៍ជាតិ។ ក្រសួងគាំទ្រនិងស្វាគមន៍ជានិច្ចចំពោះអ្នកលេងបណ្តាញសង្គម ឬអ្នកមានឥទ្ឋិពលក្នុងបណ្ដាញសង្គម (Influencer) ដែលមានបំណងចូលរួមផ្សព្វផ្សាយអំពីអច្ឆរិយភាពនៃវប្បធម៌ ធម្មជាតិ និងភាពសម្បូរបែបនៃម្ហូបអាហារកម្ពុជា ដល់ទេសចរជាតិ-អន្តរជាតិជុំវិញពិភពលោក។

គូសបញ្ជាក់ថា Uncle Roger គឺជាតារាកំប្លែង និងYoutuber ជនជាតិម៉ាឡេស៊ីដ៏ល្បីល្បាញដែលនៅក្នុង Channel របស់លោកមានអ្នកតាមដាន (Subscribers) ជាង ៨លាននាក់ ដោយកាលពីថ្មីៗនេះ លោកបានចេញវីដេអូដោយនិយាយថា ប្រទេសកម្ពុជានិងឡាវគ្មានម្ហូបឆ្ងាញ់ទេ ហើយម្ហូបកម្ពុជានិងឡាវគ្រាន់ជាម្ហូបកាកសំណល់ពីថៃប៉ុណ្ណោះ។

ត្រង់ឃ្លាទាំងប៉ុន្មាននេះហើយ ធ្វើឱ្យប្រជាជនឡាវ និងខ្មែរ នំាគ្នាប្រតិកម្ម និងមិនពេញចិត្តដោយធ្វើការ Report បណ្តោញសង្គមទាំងប៉ុន្មានរបស់លោក Uncle Roger ហើយទាមទារឱ្យលោកសុំទោសជាសាធារណៈដល់ប្រជាជនឡាវ និងកម្ពុជា ព្រមទាំងលុបវីដេអូទាំងនោះចោល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក