អន្តរជាតិ៖ សេដ្ឋី Elon Musk បានប្រកាសចង់វ៉ៃជាមួយមេហ្វេសបុកលោក Mark Zuckerberg ជាថ្មីនិងថាការវ៉ៃលើកនេះនឹងត្រូវផ្សាយបន្តផ្ទាល់នៅវេបសាយ X របស់លោក។
លោក Elon Musk បានបង្ហោះលើ X របស់លោកថា៖ «ប្រាក់ចំណូលទាំងអស់នឹងប្រគល់ទៅអង្គការសប្បុរសធម៌សម្រាប់អតីតយុទ្ធជន»។
ក្រោយពីបង្ហោះវ៉ៃគ្នា Live នេះបានធ្វើឲ្យផេកគាត់មានអ្នកចូលមើលរហូតដល់ ៣.១លានដង ត្រឹមរយៈពេល១ម៉ោង។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Reuters។
ហាក់បើដូចជាចង់ឃើញសេដ្ឋីទាំងពីរ មួយណាប៉ល់មុខជាងមួយណាពេកអ្នកគាំទ្ររបស់គាត់ខ្លះបានសួរថា តើកាលបរិច្ឆេទត្រូវបានកំណត់ឬនៅ ខណៈអ្នកខ្លះបាននិយាយថា ពួកគេនឹងត្រៀមខ្លួនរង់ចាំការប្រកួត មិនថាជារវល់ប៉ុនណាក៏ដោយ។
រំលឹកផងដែរថា កាលពីខែមិថុនា លោក Zuckerberg បានយល់ព្រមប្រយុទ្ធជាមួយ Musk ក្នុងការប្រកួតប្រដាល់ដាក់ក្នុងទ្រុង បន្ទាប់ពីលោក Musk បានបង្ហោះសារនៅលើបណ្ដាញ X។ កាលនោះលោក Zuckerberg បានបង្ហោះថា «ផ្ញើទីតាំងមកខ្ញុំ» ភ្លាមៗបន្ទាប់ពីលោក Musk បានបបួលគាត់៕