ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសង្ស័យថាប្រព្រឹត្តិអំពើមិនគប្បីទៅលើកុមារីមួយរូបនៅលើរថយន្តក្រុងសាធារណៈ ខណៈសកម្មភាពនោះត្រូវបានតៃកុងឡានរថយន្តក្រុងសាធារណៈឃើញ និងបានជួយអន្តរាគមន៍ដល់កុមារីនោះភ្លាមៗ។
តាមរយៈវីដេអូមួយត្រូវបានចែកចាយលើបណ្តាញសង្គមនៅថ្ងៃទី៧ ខែសីហាឆ្នាំ២០២៣ ដែលតៃកងឡានក្រុងសាធារណៈម្នាក់បានថតរៀបរាប់ពីបុរសវ័យកណ្តាលម្នាក់បានសកម្មភាពមិនគប្បីចំពោះកុមារីមួយរូបក្នុងឯកសណ្ឋានសិស្សសាលា ដោយបានអង្អែលក្បាល និងកៀកកកុមារីនោះ ហើយតៃកុងឡានរថយន្តក្រុងសាធារណៈបានឃើញតាមកញ្ចក់ក៏បានឃាត់សួរនាំបុរសនោះ។
ជាមួយគ្នានេះ កុមារីរងគ្រោះនោះបានឆ្លើយប្រាប់តៃកុងឡានថា បុរសម្នាក់នោះពិតជាបានធ្វើសកម្មភាពអង្អែលក្បាល ស្ទាបក្បាល និងកៀកកខ្លួនពិតមែន។
លោក ស្វាយ ចាន់ថុល ដែលត្រូវជាឪពុករបស់កុមារីរងគ្រោះបានប្រាប់ EAC News តាមរយៈទូរស័ព្ទថា កូនស្រីលោកពិតជាបានជួបហេតុការណ៍នោះពិតមែន និងបានអរគុណដល់តៃកុងឡានរថយន្តសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានជួយការពារ និងអន្តរាគមន៍ដល់កូនស្រីរបស់លោក។
លោកបានឱ្យដឹងថា កូនស្រីរបស់លោកធ្វើដំណើរតាមរថយន្តក្រុងសាធារណៈពីចំណតផ្សារសេនជូរី មកចំណតពេទ្យអង្គឌួង ហើយបន្ទាប់ពីជួបហេតុការណ៍នេះក៏បានទូរស័ព្ទប្រាប់លោកជាឪពុកភ្លាមៗថាមានបុរសម្នាក់បានធ្វើសកម្មភាពមិនគប្បីលើខ្លួន ខណៈពេលនោះតៃកុងរថយន្តក្រុងក៏បានជួយឃាត់ជនសង្ស័យនោះដែរ តែជននោះព្យាយាមគេចចេញពីរថយន្តក្រុងបាត់។
គួរឱ្យដឹងដែរថា ឪពុករបស់កុមារីរងគ្រោះនឹងដាក់ពាក្យបណ្តឹងស្វែងរកជនសង្ស័យនោះដើម្បីសួរនាំពីសកម្មភាពដែលប្រព្រឹត្តិលើកូនស្រីលោកផងដែរ៕