លោក ឯម ច័ន្ទមករា ជឿថាក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាពនយោបាយ
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានអបអរសាទរចំពោះលោក ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា។ លោកថាតួនាទីនេះពិតជាស័ក្តសមនឹងលោក ហ៊ុន ម៉ាណែត ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីពលរដ្ឋតាមរយៈការបោះឆ្នោតកាលពីកន្លងទៅ។
ក្នុងសារលិខិតអបអរសាទរចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ លោក ឯម ច័ន្ទមករា មានជំនឿថាក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តរក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរស្របតាមមរតកនយោបាយរបស់បក្សប្រជាជនកម្ពុជា ជាពិសេសមាគ៌ាដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យជាតិមាតុភូមិមានភាពសម្បូរសប្បាយ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងពិភពលោក។
លោក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា។ នេះបើតាមព្រះរាជក្រឹត្យដែលព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខានៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ដែលត្រូវបាននាយករដ្ឋមន្ត្រីចាំផ្ទះសម្តេចតេជោ ហ៊ុន សែន ប្រកាសនៅក្នុងតេឡេក្រាមនាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣៕