ក្របីផ្អើលរត់ជាន់គ្នាលង់ទឹកងាប់ជាង ២០ក្បាល ដោយសារម្ចាស់ជិះទូកមានរចនារូបភ្នែកឃើញដូចរូបសត្វក្រពើ
កំពង់ចាម៖ មានករណីក្របីផ្អើលរត់ជាន់គ្នាលង់ទឹកងាប់ចំនួន ១៧ក្បាល ស្ថិតនៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ដោយសារម្ចាស់ជិះទូកមានរចនារូបភ្នែកឃើញដូចរូបសត្វក្រពើ។
មេឃុំផ្តៅជុំបានឱ្យដឹងថា ប្រជាពលរដ្ឋជាម្ចាស់ក្របីបានប្រលែងក្របីជាហ្វូងដើម្បីស៊ីស្មៅនៅចំណុច អ្នកតាប៉ោ ស្រុកកងមាស ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះទឹកទន្លេចាប់ផ្តើមឡើងខ្លាំងធ្វើឱ្យលិចតំបន់នោះ ហេតុនេះម្ចាស់បាននាំគ្នាដេញក្របីឆ្លងទឹកព្រែកកំពង់រាំង មកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់គ្នាវិញ។
លោកមេឃុំបានឱ្យដឹងទៀតថា មូលហេតុដែលបណ្តាលឱ្យក្របីងាប់ មកពីត្រើយម្ខាងទៅត្រើយម្ខាងទៀត មានចម្ងាយឆ្ងាយ (មិនក្រោម ៣គីឡូម៉ែត្រ) ធ្វើឱ្យក្របីអស់កម្លាំងហែលទឹក និងម្យ៉ាងទៀតវិញម្ចាស់ក្របីបានប្រើទូកជ័រជាច្រើនគ្រឿងសម្រាប់កៀងក្របី ហើយទូកនោះមានរចនារូបភ្នែក (មើលទៅដូចរូបសត្វក្រពើ) ដែលធ្វើឱ្យក្របីផ្អើល លង់ទឹកងាប់តែម្តងទៅ។
គួរឱ្យដឹងដែរថា ចំពោះក្របីដែលងាប់ទាំងអស់មានចំនួន ១៧ក្បាល ក្នុងនោះ ២ក្បាលជារបស់ប្រជាពលរដ្ឋរស់នៅភូមិចាំនាង និង១៥ក្បាលទៀតជារបស់ប្រជាពលរដ្ឋរស់នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕