ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

BREAKING NEWS: នាយករដ្ឋមន្រ្តីកម្ពុជាប្រើឧទ្ធម្ភាគចក្រចំនួន២គ្រឿងដើម្បីដឹកវ៉ាក់សាំងទៅកាន់បណ្តាខេត្តជាប់ព្រំដែលថៃបន្ទាន់

(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន២គ្រឿង ដើម្បីដឹកវ៉ាក់សាំង Astra Zeneca ទៅកាន់បណ្តាខេត្តចំនួន៦ ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីចាប់ផ្តើមចាក់ដូសទី៣ ជូនដល់មន្រ្តីជួរមុខ នៅថ្ងៃទី០៨ ខែសីហាស្អែកនេះ។

ខេត្តដែលនឹងត្រូវបញ្ជូនវ៉ាក់សាំងតាមឧទ្ធម្ភាគចក្រចំនួននោះរួមមានខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ វ៉ាក់សាំង Astra Zeneca នឹងត្រូវបើកសម្រាប់យុទ្ធនាការចាក់ដូសទី៣ជូន ក្រុមគ្រូពេទ្យជួរមុខ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ក្រោយពេលមានពលករខ្មែរត្រឡប់មកពីប្រទេសថៃ។ កងទ័ព និងគ្រួសារកងទ័ព នឹងត្រូវទទួលការចាក់វ៉ាក់សាំងដោយក្រុមការងាររបស់ក្រសួងការពារជាតិ។

នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ស្អែកនេះ យុទ្ធនាកាចាក់វ៉ាក់សាំងដូសទី៣ ក៏នឹងត្រូវធ្វើឡើងនៅខេត្តពោធិ៍ផងដែរ ក្រោយការបញ្ជូនវ៉ាក់សាំងតាមរថយន្តទៅខេត្តពោធិសាត់នៅល្ងាចថ្ងៃនេះ។

សូមជំរាបថា កាលម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃ។

សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសកាលពីចុងសប្តាហ៍មុនថា វ៉ាក់សាំង AstraZeneca នឹងត្រូវប្រើសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់ប្រជាជនក្នុងប្រទេសកម្ពុជា ដោយផ្តល់ឱ្យមនុស្សពេញវ័យទាំងអស់ ដែលមានការចាក់វ៉ាក់សាំងបង្ការវីរ៉ុសដោយប្រើវ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ចាក់វ៉ាក់សាំងដូសទី៣ ដើម្បីបង្កើនប្រព័ន្ធការពារប្រឆាំងនឹងវីរ៉ុសបំលែងថ្មីប្រភេទ Delta ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា ខណៈពេលដែលព្រំដែនកម្ពុជា-ថៃនៅតែបិទ រាជរដ្ឋាភិបាលបានកំពុងជួយសម្រួលការវិលត្រឡប់របស់ពលករចំណាកស្រុកមកប្រទេសកម្ពុជាវិញ ដោយតម្រូវឱ្យត្រូវធ្វើតេស្តរហ័ស និងធ្វើចត្តាឡីស័កនៅមណ្ឌលជាប់ព្រំដែនរយៈពេល៧ថ្ងៃ។ ប្រការនេះគឺជាការបន្ធូរសម្ពាធលើមជ្ឈមណ្ឌលចត្តាឡីស័កជាប់ព្រំដែនកម្ពុជា-ថៃ និងក៏ជាយុទ្ធសាស្ត្រត្រៀមបម្រុងទទួលពលករដែលចំណាកស្រុកត្រឡប់មកពីប្រទេសថៃថ្មីៗទៀតដែលកំពុងតែសម្រុកចូលមកទទួលការព្យាបាលក្នុងប្រទេសកម្ពុជាវិញ។ អ្នកដែលធ្វើតេស្តិ៍អវិជ្ជមានបន្ទាប់ពីធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ នៅមជ្ឈមណ្ឌលជាប់ព្រំដែនកម្ពុជា-ថៃ អាចត្រូវបានដឹកដោយរថយន្តយោធាទៅកាន់មណ្ឌលចត្តាឡីស័កនៅរាជធានី-ខេត្តកំណើតរបស់ពួកគេ។ ពលករចំណាកស្រុកណាដែលមានករណីស្រាលនៃជំងឺកូវីដ-១៩ នឹងត្រូវអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញដើម្បីបន្តការព្យាបាល។

នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកពាក់ព័ន្ធដែលមានការទទួលខុសត្រូវទាំងអស់ជួយគាំទ្រខេត្តជាប់ព្រំដែនក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរ៉ុសកូវីដ-១៩ នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក