សម្តេច ស ខេង៖ គណបក្សប្រជាជននៅតែរក្សាបានការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ដើម្បីបន្តដឹកនាំប្រទេស
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបានការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដើម្បីបន្តដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។
លើកឡើងក្នុងសារលើបណ្តាញសង្គមនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ សម្តេចក្រឡាហោមឱ្យដឹងថា៖ «ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បានកើតឡើងតាំងពីអតីតកាល ពោលគឺកើតឡើងតាំងពីគណបក្សនយោបាយខ្លះ ពុំទាន់បានចាប់កំណើតផង រហូតដល់មានគណបក្សខ្លះបានត្រូវរលំរលាយបែកបាក់ខ្ចាត់ខ្ចាយ ក៏ពួកគេនៅតែធ្វើនយោបាយដ៏ឆោតល្ងង់ មានឧបាយកលទុច្ចរិត តែផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបានការឯកភាពផ្ទៃក្នុងដ៏រឹងមាំ»។
សម្តេចក្រឡាហោមបានគូសបញ្ជាក់ជំហរដ៏មុតមាំដោយសម្តេចតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត។
ទន្ទឹមនោះ ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត សម្តេចក្រឡាហោមក៏បញ្ជាក់ថានឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។ ក្នុងន័យនេះ សម្តេចក្រឡាហោមបញ្ចាក់ថានឹងបន្តគាំទ្រ និងជួយទំនុកបម្រុងឲ្យរដ្ឋាភិបាល អាណត្តិទី៧ ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបំពេញភារកិច្ចរបស់ខ្លួន ឲ្យទទួលបានជោគជ័យតាមគោលការណ៍ទាំងឡាយដែលសម្រេចដោយសន្និបាតគណបក្សប្រជាជនកម្ពុជា។
គួរឱ្យដឹងដែរថា សាររបស់សម្តេចក្រឡាហោម ស ខេង បានលើកឡើងបញ្ជាក់ដូចនេះ ខណៈក្រោយការបោះឆ្នោតជាសាកលជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ និងជាពិសេសក្រោយ សម្តេច ហ៊ុន សែន បានចេញសារពិសេស បន្ទាប់ពីបានចូលបង្ក្រាបបង្គំគាល់ព្រះមហាក្សត្រ ហើយក្រុមអ្នកនយោបាយ និងអ្នកវិភាគដែលមាននិន្នាការប្រឆាំង បានលើកឡើងជាបន្តបន្ទាប់ថា “មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា”។
សម្តេចក្រឡាហោមបានឱ្យដឹងថា ជ័យជម្នះ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងឆ្នោត ៨២,៣០% នៃអត្រាអ្នកបានទៅបោះឆ្នោត ៨៤,៥៩% បានស្តែងឲ្យឃើញនូវកម្លាំងសាមគ្គីជាប្រពៃណីដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងការបន្តគាំទ្រយ៉ាងទូលំទូលាយពីសំណាក់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។
សម្តេក្រឡាហោមថ្លែងថា៖ «ប្រសិនបើមានការបែកបាក់ដូចការគិតស្មានរបស់ពួកគេមែននោះ ម្លេះសមគណបក្សប្រជាជនកម្ពុជា មិនមានភាពរឹងមាំ និងមិនទទួលបានការគាំទ្រពីសំណាក់ប្រជាជន កាន់តែច្រើនជាលំដាប់ ពីអាណត្តិមួយ ទៅអាណត្តិមួយនោះទេ»៕