ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ការបែងចែងអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹកតទៅ។
លទ្ធផលបោះឆ្នោតផ្លូវការនឹងចាក់ផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) គេហទំព័រ គ.ជ.ប៖ electresult nec.gov.kh កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee និងYouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់ EAC ថាលទ្ធផលបោះឆ្នោតដែលនឹងប្រកាសជាផ្លូវការនៅព្រឹកស្អែក គឺធ្វើទៅបានក្រោយពីមិនមានពាក្យបណ្តឹងមកគ.ជ.ប បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។
បើតាមលោក ហង្ស ពុទ្ធា គ.ជ.ប នឹងផ្ញើលទ្ធផលបោះឆ្នោតផ្លូវការជូនដល់ស្ថាប័នសំខាន់ៗដូចជាស្ថាប័នព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា ទីស្តីការគណៈរដ្ឋមន្ត្រី ហើយនឹងតម្កល់ទុកនៅគ.ជ.ប។ ជាមួយគ្នានេះផ្ញើជូនទៅគ្រប់គណបក្សនយោបាយផងដែរ។
លទ្ធផលបោះឆ្នោតបណ្តោះអាសន្នដែលប្រកាសនៅថ្ងៃទី០១ ខែសីហា បានបង្ហាញថា មានគណបក្សធំៗ២ទទួលបានសំឡេងគាំទ្រច្រើនជាងគេ គឺ គណបក្សប្រជាជនកម្ពុជា ទទួលការគាំទ្រ ៦ ៣៩៨ ៣១១សំឡេង ហើយគណបក្សហ៊្វុនស៊ិនប៉ិច ទទួលការគាំទ្រ ៧១៦ ៤៩០សំឡេង៕