
ក្រសួងសុខាភិបាល ប្រកាសពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca ដូសទី៣ ជូនដល់ក្រុមជួរមុខទាំងរដ្ឋនិងឯកជន នៅបណ្ដាខេត្តចំនួន៧
ភ្នំពេញ: នៅថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសអំពីការចាក់វ៉ាក់សាំង AstraZeneca ជាដូសទី៣ ឬដូសជំរុញ ជូនដល់មន្រ្តីជួរមុខ នៅខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា-ថៃ។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក-១៩) នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សែនីកា) ដូសជំរុញ ឬដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋនិងឯកជន) ដល់មន្ត្រីរាជការនៅខេត្ត ចំនួន៧ (ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ) មន្ត្រីជាប់កិច្ចសន្យា កងទ័ពគ្រួសារកងទ័ពនគរបាល និងអតីតយុទ្ធជន ដោយការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តទៅ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អភិបាលខេត្ត និងប្រធានមន្ទីរសុខាភិបាល ខេត្តទាំង៧ខាងលើត្រូវធ្វើសេចក្តីជូនដំណឹង និងរៀបចំទីតាំង រួមទាំងត្រៀមក្រុមគ្រូពេទ្យឱ្យបានរួចរាល់បានទាន់ពេលវេលា ដើម្បីចាក់វ៉ាក់សាំងដែលនឹងទៅដល់ទីតាំងខេត្តទាំង៧ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេស ប្រភេទ Delta ដែលអាចឆ្លងនៅសហគមន៍ក្នុងទ្រង់ទ្រាយធំប្រសិនបើយើងទាំងអស់គ្នាមិនទប់ស្កាត់ទេនោះ៕