កូរ៉េ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសកូរ៉េចាប់ខ្លួនបានភ្លាមៗក្រោយពីបានបើករថយន្តបុកអ្នកថ្មើរជើងនៅក្រៅហាងទំនិញមួយកន្លែងនៅទីក្រុង BunDang ប្រទេសកូរ៉េ និងបានយកកាំបិតទៅចាក់អ្នកទិញអីវ៉ាន់ក្នុងហាងជាប់ស្ថានីយSeohyeon បណ្តាលឱ្យមនុស្សសរុបចំនួន១៤នាក់រងរបួសកាលពីថ្ងៃព្រហស្បតិ៍។
បើតាមព័ត៌មានផ្សាយដោយ The Korea Times ជនសង្ស័យបានបើករថយន្តបុកមនុស្សចំនួន៥នាក់ឱ្យរងរបួស និងវាយប្រតប់ និងចាក់សម្លាប់មនុស្សចំនួន៩នាក់ឱ្យរងរបួស។ ជនសង្ស័យត្រូវបានប៉ូលិសចាប់បានភ្លាមៗក្រោយពីធ្វើសកម្មភាព ហើយក៏បាននាំយកជនល្មើសនោះទៅធ្វើតេស្តរកសារធាតុញៀន ប៉ុន្តែជាលទ្ធផលគឺអវិជ្ជមាន។
ភ្នាក់ងារប៉ូលិសខេត្ត Gyeonggi Nambu ដែលគ្រប់គ្រងករណីនេះបាននិយាយនៅថ្ងៃសុក្រថា ជនសង្ស័យ ឈ្មោះ Choi មានជំងឺផ្លូវចិត្តតាំងពីរៀននៅវិទ្យាល័យ ហើយគាត់បានបង្ហាញរោគសញ្ញានៃការធ្វើទុក្ខបុកម្នេញក្នុងអំឡុងពេលស៊ើបអង្កេត។
យោងតាមអ្វីដែលជនសង្ស័យ Choi និងក្រុមគ្រួសាររបស់គាត់បានប្រាប់ប៉ូលីសថា ជនសង្ស័យបានឈប់រៀននៅវិទ្យាល័យក្នុងវ័យសិក្សារបស់គាត់ ដោយសារតែបញ្ហាសង្គម ឬជំងឺថប់បារម្ភក្នុងសង្គម។ ក្រោយមកគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ schizoid ប៉ុន្តែមិនបានទទួលការព្យាបាលត្រឹមត្រូវនោះទេ៕