ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត លើផ្លូវជាតិលេខ៥
បន្ទាយមានជ័យ ៖ មនុស្សម្នាក់បានស្លាប់ និង០២នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយរថយន្តក្នុងទិសដៅច្រាសទិសគ្នា។ ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៥ នៅចន្លោះ បង្គោលគីឡូម៉ែត្រលេខ៣៧៩-៣៨០ ចំណុចខាងកើតវត្តចាន់ស៊ីចម្ងាយប្រហែល៥០០ម៉ែត្រ ស្ថិតនៅភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
អធិការនគរបាលស្រុកអូរជ្រៅ លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ បានឱ្យដឹងថា មានករណីគ្រោះថនាក់ចរាចរណ៍មួយបានកើតឡើង រវាងមានរថយន្ត ម៉ាកកាមរី ផលិតឆ្នាំ1995 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2A 3409 បើកបរដោយ ឈ្មោះ ណាក់ ភេទប្រុស អាយុ៤០ ឆ្នាំរស់នៅភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកបរក្នុងទិសដៅពីទិសខាងកើតទៅទិសលិច លុះមកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AB1836 បើកបរដោយឈ្មោះ ចៅ វុទ្ធី ភេទប្រុស អាយុ៤៣ ឆ្នាំរស់នៅ ភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរពីទិសខាងលិចទៅខាងកើត ។
លោកអធិការបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យអ្នកបើកបររថយន្តការម៉ារីស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នករថយន្តហាយឡិនឌ័ររបួសស្រាល និងអ្នករួមដំណើរម្នាក់របួសធ្ងន់បាក់ដៃឆ្វេង។
លោកអធិការស្រុក បញ្ជាក់ថា ចំពោះមូលហេតុបង្កឱ្យគ្រោះថ្នាក់នេះ សង្ស័យអ្នកបើករថយន្តម៉ាកកាម៉ារី ងងុយដេក ទេីបបណ្តាលឱ្យរថយន្តរេចង្កូតបង្កជាគ្រោះថ្នាក់កេីតឡេីង។ បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី អ្នករងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ ចំណែករថយន្ត០២គ្រឿង ខូចខាតធ្ងន់(ផ្នែកខាងមុខទាំងពីរគ្រឿង) និងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ៕