ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានស្នើទៅសភាអាមេរិកបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ឡើងវិញដល់កម្ពុជាសម្រាប់ការនាំចូលសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ទៅទីផ្សារប្រទេសសហរដ្ឋអាមេរិកដោយមិនជាប់ពន្ធ។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្នើបែបនេះនៅក្នុងជំនួបជាមួយ គណៈប្រតិភូនៃសភាអាមេរិកដែលដឹកនាំដោយលោក Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាមេរិក (United States House Committee on Ways and Means) អមវត្តមានដោយអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy ផងដែរនារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។
លោក ប៉ាន សូរស័ក្ដិ មានបំណងស្នើសុំឱ្យសភាអាមេរិកបន្តផ្តល់ឡើងវិញនូវប្រព័ន្ធ GSP មកប្រទេសកម្ពុជា ពីព្រោះលោកយល់ឃើញថាតាមរយៈប្រព័ន្ធ GSP នេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។
លើសពីនេះ លោក ប៉ាន សូរស័ក្ដិ ក៏បានអំពាវនាវតាមរយៈសភាអាមេរិកជំរុញឱ្យក្រុមហ៊ុនអាមេរិកមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យច្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីទាញយកផលចំណេញពីគ្នាទៅវិញទៅមក។
យោងតាមរបាយការណ៍ពីការិយាល័យជំរឿនសហរដ្ឋអាមេរិក ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានតម្លៃ ១២,២ពាន់លានដុល្លារក្នុងឆ្នាំ២០២២ កើនឡើង ៤០ភាគរយ។ ហើយការនាំចេញរបស់សហរដ្ឋអាមេរិកមកកម្ពុជាមានតម្លៃ ៤៤៩លានដុល្លារ។
យោងតាមរបាយការណ៍របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រទេសអាមេរិកគឺជាទីផ្សារនាំចេញទំនិញដ៏ធំរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជា។ ទំនិញប្រមាណ ៤០ភាគរយរបស់កម្ពុជាបាននាំចេញទៅទីផ្សារអាមេរិកក្នុងឆ្នាំ២០២២។ ទំនិញដែលកម្ពុជានាំចូលទៅអាមេរិកមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរ៕