ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យ (ក១) របស់មន្ទីប្រឆាំងបទល្មើសគ្រឿងញៀន បានស្រាវជ្រាវ និងចាប់ខ្លួនបានជនសង្ស័យជនជាតិចិនត៉ៃវ៉ាន់ចំនួន ៣រូប ជាមួយនឹងគ្រឿងញៀនជិត ៥គីឡូក្រាម ដែលជនសង្ស័យទាំងនោះបានរក្សាទុក និងដឹកជញ្ជូនសារធាតុញៀនខុសច្បាប់។
ជនសង្ស័យត្រូវបានអាជ្ញាធរឃាត់ខ្លួននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅជិតផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានសម្របសម្រួលពីព្រះរាជាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស សាវ៉ាត និងមានការដឹកនាំដោយនាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី ពុធ ស៊ុនរស្មី និងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យ (ក១) នៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន។
ជនសង្ស័យជនជាតិចិនតៃវ៉ាន់ភេទប្រុសទាំង៣រូបនោះមានឈ្មោះ ចេន ហុងយេន (Chen Hong Yen) ឈ្មោះ ចេន កៃស៊ាន ( Chen Kai Xang) ឈ្មោះ ចេន យីទីង ( Chen Yi Ting)។ អាជ្ញាធរបានដកហូតវត្ថុតាងពីជនសង្ស័យ គឺសារធាតុញៀនចំនួន ៤គីឡូ៨៦៦ក្រាម។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕