ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយករដ្ឋមន្ត្រីថាមានមូលហេតុបួនដែលសម្ដេចសម្រេចលាលែងពីតំណែង

កណ្ដាល៖ នាយករដ្ឋមន្ត្រីបច្ចុប្បន្នសម្ដេចនាយក ហ៊ុន សែន បានលើកឡើងពីមូលហេតុចំនួន៤ ដែលធ្វើឲ្យសម្ដេចសម្រេចចិត្តលាលែងពីតំណែងនាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។ មូលហេតុ៤នោះរួមមាន ដើម្បីស្ថេរភាព មនុស្សជំនាន់ក្រោយមានសមត្ថភាពរឹងមាំ មនុស្សជំនាន់ចាស់នៅមានលទ្ធភាពតាមដានបន្ត និងត្រូវពេលដែលត្រូវផ្ទេរ។

ថ្លែងនៅក្នុងពិធីសម្ពោធដោយប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចនៅពេលនេះ គឺដើម្បីស្ថេរភាព សន្តិសុខ និងការបន្តអភិវឌ្ឍរបស់ប្រទេស ខណៈសម្ដេចលើកឡើងថាប្រសិនជាមានរឿងអ្វីកើតឡើងនៅក្នុងពេលដែលសម្ដេចគ្រប់គ្រងដឹកនាំហើយត្រូវការរើសនាយករដ្ឋមន្ត្រីថ្មីភ្លាមៗនោះគឺវានឹងធ្វើឲ្យប្រទេសបាត់បង់ស្ថេរភាព ដោយសារតែអាចមានការប្រកួតប្រជែងដណ្ដើមអំណាចជានាយករដ្ឋមន្ត្រី។ សម្ដេចថាសម្ដេចធ្វើបែបនេះគឺដោយមើលឃើញពីគំរូវីរភាពរបស់សម្ដេចព្រះបរមរតនកោដ្ឋក្នុងការដាក់រាជ្យនិងផ្ទេររាជ្យទៅដល់ព្រះមហាក្សត្របច្ចុប្បន្ន។

សម្ដេចតេជោបានលើកឡើងថានៅពេលនេះគឺលោក ហ៊ុន ម៉ាណែត មានអាយុ ៤៦ឆ្នាំ ដែលសមល្មមនឹងមានលទ្ធភាពដឹកនាំរាជរដ្ឋាភិបាល។ សម្ដេចថាសមាជិករដ្ឋាភិបាលអាណត្តិថ្មីគឺសុទ្ធតែជាអ្នកមានសមត្ថភាពនិងមានអាយុក្រោម ៥០ឆ្នាំទាំងអស់។

សម្ដេចតេជោបានផ្ដាំទៅដល់គណៈរដ្ឋមន្ត្រីបច្ចុប្បន្នឲ្យត្រៀមខ្លួនក្នុងការលាលែងពីតំណែង។

សម្ដេចថា៖ «សុំចិត្តបងប្អូនក្នុងគណៈរដ្ឋមន្ត្រីរបស់យើងយោគយល់ជាមួយនឹងកិច្ចការទាំងអស់។ អ្នកដែលលះបង់ធំជាងគេខ្ញុំឯនេះទៅវិញទេ អំណាចនាយករដ្ឋមន្ត្រីចង្អុលត្រង់ណាឆេះត្រង់នោះ ចង្អុលឱ្យកើតស្ពានកើតស្ពាន ចង្អុលឱ្យរំលាយចោលរំលាយចោល។ តែខ្ញុំសុខចិត្តលះបង់អំណាចនេះដើម្បីសេចក្ដីសុខរយៈពេលវែងសម្រាបវ់ប្រជាជនកម្ពុជាក្នុងនោះរួមទាំងយើងផងដែរ»។

សម្ដេចតេជោបន្ថែមថាការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចក៏សម្ដេចនៅមានតួនាទីនៅក្នុងសភាហើយនៅដើមឆ្នាំក្រោយសម្ដេចក៏នឹងធ្វើជាប្រធានព្រឹទ្ធសភាផងដែរ ដែលសម្ដេចមិនទាន់ចេញទៅណាឆ្ងាយពីឆាកនយោបាយនៅក្នុងប្រទេសនោះទេ។ ជាមួយគ្នានោះសម្ដេចក៏បានប្រកាសបញ្ជាក់ថាទោះបីជាសម្ដេចមានឥទ្ធិពលនៅក្នុងឆាកនយោបាយក្ដីក៏សម្ដេចមិនលូកលាន់កិច្ចការនយោបាយរបស់នាយករដ្ឋមន្ត្រីដែរ។

ចំពោះមូលហេតុចុងក្រោយ គឺសម្ដេចថាពេលនេះគឺជាពេលដែលត្រូវឱ្យសម្ដេចក្នុងការផ្ទេរអំណាចទៅកាន់នាយករដ្ឋមន្ត្រីថ្មីហើយ ដោយសារតែសន្ទុះក្នុងការគាំទ្រគណបក្សប្រជាជនពីសំណាក់អ្នកបោះឆ្នោតគឺមានកាន់តែច្រើនឡើងលើសពីការបោះឆ្នោតអាណត្តិមុនទៀត។

សម្ដេចថា៖ «បើសន្លឹកឆ្នោតទាបជាងសន្លឹកឆ្នោតឆ្នាំ២០១៨ ឬឆ្នាំ២០២២ គឺខ្ញុំអត់ទាន់ចាកចេញទេ! ខ្ញុំនឹងនៅកែលម្អស្ថានការណ៍ ហោចណាស់ក៏បានពាក់កណ្ដាលឬរហូតដល់ចប់អាណត្តិទី៧តែម្ដង ហើយអាណត្តិទី៨ចាំគិតទៀត។ តែដោយសារតែសន្លឹកឆ្នោតនេះ មានកត្តារួមផ្សំច្បាស់ណាស់។ ព្រោះបេក្ខជនបន្តវេនបេក្ខជនអនាគតបានប្រកាសរួចស្រេចទៅហើយ។ បើប្រជាជាតិមិនសប្បាយចិត្តជាមួយនឹងតួអង្គបន្តវេនទេគឺច្បាស់ជាសំឡេងឆ្នោតចុះ»។

បើគ្មានអ្វីប្រែប្រួលនោះទេនៅថ្ងៃទី៧ ខែសីហា ខាងមុខប្រធានគណបក្សប្រជាជនសម្ដេចតេជោ ហ៊ុន សែន និងធ្វើលិខិតឧទ្ទេសនាមស្នើទៅកាន់ព្រះមហាក្សត្រដើម្បីតែងតាំងលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។ នាយករដ្ឋមន្ត្រីថ្មីនិងធ្វើការរៀបចំគណៈរដ្ឋមន្ត្រីដើម្បីស្នើសុំសេចក្ដីទុកចិត្តពីសភានៅថ្ងៃទី២១ ខែសីហា និងចូលកាន់តំណែងពេញសិទ្ធិនៅថ្ងៃទី២២ ខែសីហា ខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក