
ក្រសួងបរិស្ថានសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ «កេសរកូល» នៅស្រុកបន្ទាយស្រី
សៀមរាប៖ ក្រសួងបរិស្ថាននាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវទីស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ «កេសរកូល» ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន ដែលស្ថិតនៅក្នុងភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់។
អគារស្ថិតនៅក្នុងទីសា្នក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ «កេសរកូល» ត្រូវបានសាងសង់ឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដោយមានអគារធំនៅចំកណ្តាល និងអាគារតូចៗចំនួន២ អមសងខាង នៅលើផ្ទៃដីសរុប ទំហំ១០ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ស្ថិតនៅទល់មុខសួនកេសរកូល។
ផ្ទះស្នាក់នេះ នឹងចូលរួមផ្ដល់នូវបរិយាកាសការងារដ៏ល្អជូនមន្ត្រីឧទ្យានុរក្ស ដែលជា ភ្នាក់ងារអនុវត្តច្បាប់ទាំងនេះក្នុងដំណើរការប្រចាំថ្ងៃ ជាមជ្ឈមណ្ឌលផ្ដល់ និងផ្លាស់ប្តូរព័ត៌មាន ទីតាំងសម្រាប់ រៀបចំកិច្ចប្រជុំ និងផ្តល់ការបណ្តុះបណ្តាលនានា និងធ្វើជាទីកន្លែងប្រកបដោយសុវត្ថិភាពសម្រាប់រក្សាទុក សម្ភារដែលជាមធ្យោបាយបទល្មើសដែលបានរឹបអូសផងដែរ៕