ភ្នំពេញ: មនុស្សសរុបចំនួន ៧,៧០០,១៣៧នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើកទី១ ខណៈអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ៥,៤៦៥,៧០៣នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃសុក្រ ទី៦ ខែសីហា នេះលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ១០លាននាក់ ដែលជាគោលបំណងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ឥឡូវនេះគឺសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនទាំងខ្មែរនិងបរទេសដែលរស់នៅកម្ពុជាបានចំនួនសរុបចំនួន៧៧.០០%ហើយ។
វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៉ីណូហ្វាម បានចាក់លើកទី១ សរុបចំនួន ២,៨០៤,៧០១ដូស ខណៈចាក់លើកទី២អស់ ១,៩០៣,២៩៥ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Covishield) បានចាក់លើកទី១ សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Japan) បានចាក់លើកទី១ សរុបចំនួន ១៥៣,៣២៩ដូស។ វ៉ាក់សាំងម៉ាកស៉ីណូវ៉ាក់បានចាក់លើកទី១ សរុបចំនួន ៤,៤៤៤,៣១៤ដូស ខណៈចាក់លើកទី២អស់ ៣,៤០៤,៦៧២ដូស និងវ៉ាក់សាំងម៉ាក Janssen (Johnson&Johnson) បានចាក់លើកទី១ សរុបចំនួន ១៣២,១៨៥ដូស៕