វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

UPDATE: អាជ្ញាធរខេត្តមណ្ឌលគីរីឈូសឆាយធ្វើផ្លូវវាងថ្មីនៅចំណុចផ្លូវដែលបាក់

មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី សម្រេចឈូសឆាយកសាងផ្លូវវាងថ្មី នៅចំណុចកំណាត់ផ្លូវជាតិលេខ៧៦A ក្នុងភូមិសាស្រ្តស្រុកអូររាំង ដែលត្រូវកាត់ផ្ដាច់ទាំងស្រុង ដើម្បីឲ្យពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន។

ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី លោក រស់ គីមធន បានបញ្ជាក់នៅព្រឹកថ្ងៃទី២ ខែសីហា នេះថា កំណាត់ផ្លូវជាតិលេខ៧៦A ត្រូវបានផ្អាកទាំងស្រុងតាំងវេលាម៉ោង៦ល្ងាច ថ្ងៃ១ សីហា ព្រោះមុនពេលបាក់ស្រុត នៅលើដងផ្លូវត្រង់ចំណុចនោះបានចេញស្នាមប្រេះគួរឱ្យបារម្ភ។ អភិបាលខេត្តក៏បានបញ្ជាឱ្យផ្អាកការធ្វើដំណើរនៅម៉ោង៦ល្ងាច ដោយសារផ្លូវបានបាក់ស្រុតទាំងស្រុងនៅវេលាម៉ោងប្រមាណជា ៦និង៣០ល្ងាច ថ្ងៃដដែលនោះ។

លោក រស់ គីមធន បញ្ជាក់ទៀតថា គិតរហូតមកដល់ពេលនេះ ជំនាញពាក់ព័ន្ធបានសហការគ្នា យកគ្រឿងចក្រទៅឈូសឆាយកសាងផ្លូវវាងថ្មី នៅចំណុចដែលបាក់ស្រុត ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋប្រើប្រាស់បណ្ដោះអាសន្ន។

ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧៦A ដែលត្រូវបាក់ស្រុតទាំងស្រុង នៅចំណុចអូរងើយ ក្នុងស្រុកអូររាំង ត្រូវបានផ្អាកទាំងស្រុង ក្នុងនោះ កម្លាំងស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកអូររាំង និងស្រុកកែវសីមា ប្រជាការពារ រួមទាំងអាជ្ញាធរមូលដ្ឋាន ចុះហាមឃាត់មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះទេ។

អភិបាលស្រុកអូររាំង លោក សៀក មុន្នី បញ្ជាក់ថា មូលហេតុនៃការបាក់ស្រុត មិនទាន់អាចវាយតម្លៃបានច្បាស់លាស់នោះទេ ព្រោះចំណុចនោះចោតជ្រៅពេកពិបាកពិនិត្យរកមូលហេតុនៃការបាក់ស្រុត ប៉ុន្តែបើតាមការសន្និដ្ឋានជំហ៊ានដំបូង ចំណុចបាក់ស្រុតអាចបណ្ដាលមកពីភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃពេក ធ្វើឱ្យស្ថានភាពដីនៅខាងក្រោមភ្នំជ្រាយក្លាយជាភក់ (ខួរអណ្ដែង) ទើបបាក់ស្រុតចុះតែម្ដង ។

ក្រោយកើតមានករណីបាក់ស្រុតផ្លូវភ្លាម កម្លាំងជំនាញពាក់ព័ន្ធ បានចុះដល់ចំណុចកើតហេតុភ្លាមៗ ដើម្បីពិនិត្យមើលស្ថានភាពខូចខាត និងរកវិធីសាស្ត្រជួសជុល។ ក្នុងករណីនេះ មិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ ចំណែកការធ្វើដំណើរទៅមក ចេញចូលទីរួមខេត្តមណ្ឌលគិរី គឺត្រូវវាងតាមខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ក្រៅពីការបាក់ស្រុតផ្លូវព្រោះទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ពិសេស ក្នុងស្រុកកែវសីមា ក៏មានផលប៉ះពាល់ព្រោះជំនន់ទឹកភ្លៀងដែរ ដោយបណ្ដាឃុំមួយចំនួន ដូចជាឃុំស្រែព្រះ ឃុំស្រែឈូក និងឃុំស្រែខ្ទុមជាដើម មានការជន់លិចស្ពាន លិចដំណាំ និងផ្ទះប្រជាពលរដ្ឋមួយចំនួន។

គួរឱ្យដឹងដែរថា ផ្លូវជាតិលេខ៧៦A តភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះមកខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ត្រូវផ្អាកការដំណើរទាំងស្រុង ទាំងម៉ូតូ និងរថយន្ត បន្ទាប់ពីកំណាត់ផ្លូវនោះ ត្រូវបាក់ស្រុតដីចូលទៅក្នុងជ្រោះខាងក្រោម ត្រង់ចំណុចអូរងើយ ក្នុងភូមិសាស្ត្រ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រ៩៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក