វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

សិស្ស ២នាក់មកពីសាលាហ្គោលឌិនហ្គេតអាមេរិកាំងទទួលបានមេដាយមាសពី World Scholar’s Cup ពីប្រទេសកូរ៉េខាងត្បូង

ភ្នំពេញ៖ សិស្សឆ្នើម ២នាក់របស់សាលាហ្គោលឌិនហ្គេតអាមេរិកបានទទួលបានពាន រួមជាមួយមេដាយមាស និងប្រាក់ក្នុងការប្រកួត World Scholar’s Cup កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ ពួកគេបានបង្ហាញចំណាប់អារម្មណ៍ចំពោះការប្រកួតនេះថាបានធ្វើឱ្យពួកគាត់កាន់តែរីករាយក្នុងការសិក្សាជាពិសេសកាន់តែមានមោទនភាពចំពោះខ្លួនឯងនិងជាតិផងដែរ។

ទេព សុវណ្ណពិសី និង សុខ អេណា ជាសិស្សឆ្នើម ២រូបនៅសាលាហ្គោលឌិនហ្គេតអាមេរិកាំងដែលបានទទួលបានពាន និងមេដាយពីការប្រកួត World Scholar’s Cup ពីប្រទេសកូរ៉េខាងត្បូង។

ទេព សុវណ្ណពិសី៖ «ខ្ញុំបានទទួលមេដាយមាស១ និងប្រាក់មួយ។ សម្រាប់មេដាយមាសគឺសម្រាប់ការប្រកួតតស៊ូមតិជាក្រុម និងមេដាយប្រាក់បានទៅលើការចូលរួមសរសេរជាក្រុម»

ជាមួយគ្នានេះ សុខ អេណា បានបង្ហាញនូវពានរង្វាន់ជាមួយមេដាយមាសចំនួន២ និងប្រាក់ចំនួន២ ដែលនាងទទួលបានផងដែរ។

សុខ អេណា៖ «ខ្ញុំបានទទួលពានមួយ ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងក្រុមសរសេរ។ ខ្ញុំអាចមើលឃើញថាខ្ញុំមានការអភិវឌ្ឍន៍ជាច្រើនពីការប្រកួតក្នុងស្រុកខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១០ ហើយពេលនេះខ្ញុំបានឃើញថាលទ្ធផលខ្ញុំបានប្រសើរជាច្រើន។ ខ្ញុំឃើញភាពខុសគ្នាជាមួយការប្រកួតថ្នាក់ពិភពលោក ហើយបន្ថែមលើកនោះខ្ញុំបានទទួលមេដាយប្រាក់២ និងមេដាយមាស២ ផងដែរ»

World Scholar’s cup ត្រូវបានរៀងជារៀងរាល់ឆ្នាំដោយអញ្ជើញក្រុមដែលមានសមត្ថភាពក្នុងពិភពលោកឱ្យជ្រើសរើសការប្រកួតជុំសកលរហូតដល់ប្រាំទីតាំងនៅជុំវិញពិភពលោក ដើម្បីធ្វើឱ្យពួកគេអាចអាចជួបជុំជាមួយសិស្សានុសិស្សពីប្រទេសផ្សេងៗ ដើម្បីចែករំលែកស្វែងចំណុចរួម និងអារម្មណ៍នៃភាពជាសហគមន៍ពិភពលោកតែមួយ។

មានការប្រកួត និងសកម្មភាពសប្បាយមួយចំនួនដែលត្រូវបានរៀបចំក្នុងការប្រកួតនេះដូចជា Scholar’s Challenge, Collaborative Writing, Team Debate, Scavenger Hunt, Scholar’s Cultural Fair, Scholar’s Bowl, Scholar’s Ball និង Scholar’s show ជាដើមដែលអនុញ្ញាតឱ្យសិស្សពីប្រទេសនានាបង្ហាញសមត្ថភាពរបស់ខ្លួនលើឆាកដ៏ធំដែលមានសិស្សពីប្រទេសផ្សេងៗមើលរាប់ពាន់នាក់។

ក្នុងការបង្ហាញនោះ Tep Sovannpisey បានព្យាយាមជ្រើសយកសម្លៀកបំពាក់ និងរបាំប្រពៃណីខ្មែររាំលើឆាកដ៏ធំនេះទោះបីនាងទើបតែបានរៀនពីគ្រូបានបន្តិចបន្ដួចក្ដី។

សុវណ្ណពិសី៖ «ប្រកដណាស់ខ្ញុំរីករាយជាខ្លាំង និងមានមោទនភាពសម្រាប់ខ្លួនខ្ញុំ ប្រទេសរបស់ខ្ញុំ គ្រួសារ និងសាលាផងដែរ»

ម្ដាយបង្កើតរបស់សុវណ្ណពិសីគឺលោកស្រី ចាត់សូរ រស្មី បានប្រាប់ EAC News លោកស្រីមានមោទនភាពជាខ្លាំងសម្រាប់កូនស្រីដែលបានបង្ហាញសមត្ថភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ។

លោកស្រីថា៖ «ក្នុងនាមខ្ញុំជាម្ដាយក៏ដូចជាសាលាគឺមានមោទកភាពចំពោះគាត់ក៏ដូចជាមោទនភាពសម្រាប់គាត់ ក៏ដូចជាសាលា ហើយជាពិសេសក៏ដូចជាតំណាងឱ្យប្រទេសកម្ពុជាទាំងមូលដែលបានបង្ហាញសមត្ថភាពដែលបញ្ជាក់ថាកូនខ្មែរមិនអន់ទេ។ កូនខ្មែរពិតជាខ្លាំងហើយកូនខ្មែរមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ហាញឱ្យឆាកអន្តរជាតិឃើញថាយើងមានសមត្ថភាពគ្រប់គ្រាន់»

លោក សុខ លីណា ក៏បានបង្ហាញពីភាពសប្បាយរីករាយ និងមោទនភាពចំពោះកូនស្រីដោយថានេះគឺជាលើកទី១ ដែលនាងបានចេញទៅប្រកួតនៅក្រៅប្រទេសហើយត្រលប់មកវិញជាមួយលទ្ធផលយ៉ាងល្អបែបនេះ។

លោកថា៖ «ពួកយើងមានអារម្មណ៍សប្បាយចិត្តជាខ្លាំងដែលកូនស្រីរបស់យើងចេញទៅប្រកួត World Scholar’s cup នៅប្រទេសកូរ៉េខាងត្បូង ហើយនាងទទួលបានមេដាយ៤ រួមមានមាស២ ប្រាក់២ និងពានមួយផងដែរ ប្រកដណាស់ ពួកយើងរីករាយជាខ្លាំង»

ជាមួយគ្នានឹងមោទនភាពចំពោះកូនរបស់ខ្លួនអាណាព្យាបាលសិស្សក៏បានបង្ហាញនូវការជឿទុកចិត្តលើការអប់រំរបស់សាលាហ្គោលឌិនហ្គេតអាមេរិកាំងផងដែរដែលបានផ្ដល់ការអប់រំ សីលធម៌ និងបណ្ដុះនូវភាពក្លាហានរបស់សិស្សឱ្យចូលរួមក្នុងឆាកអន្តរជាតិជានិច្ចកាល។

ជាមួយគ្នានោះយុវតី សុខ អេណា បានប្រាប់ពីគន្លឹះមួយចំនួនដើម្បីអាចត្រៀមខ្លួនចូលរួមក្នុងការប្រកួតធំៗបែបនេះតាមរយៈការសិក្សាស្រាវជ្រាវ និងភាពក្លាហានរបស់ខ្លួន។

សុខ អេណា៖ «ខ្ញុំអាចនិយាយបានថាត្រូវតែមានភាពក្លាហាន និងរៀននិយាយអំពីខ្លួនឯងដូចដែលការប្រកួតតស៊ូមតិអ្នកត្រូវតែនិយាយសម្រាប់ខ្លួនឯងដើម្បីបង្ហាញពីចំណុចអំណេះអំណាងរបស់អ្នក ហើយបច្ចុប្បន្នយើងមានអ៊ិនធើណិតអ្នកអាចចូលស្វែងរកពីក្នុងអ៊ិនធើណិតបានជាច្រើនអំពីប្រធានបទនានាដែល World Scholar’s បានផ្ដល់មកឱ្យយើង»

សាលាអាមេរិកាំងហ្កោលឌិនហ្គេតត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ និងបានវិវត្តន៍ខ្លួនជាសាលាចំណេះដឹងទូទៅនៅឆ្នាំ២០០៩ ដោយប្រើប្រាស់កម្មវិធីសិក្សាអន្តរជាតិមកបណ្ដុះបណ្ដាលដល់សិស្សកម្ពុជា។ ជានិច្ចកាលសាលាតែបានបញ្ជូនសិស្សទៅប្រកួតនៅក្នុងការប្រកួតអន្តរជាតិជាបន្តបន្ទាប់គិតពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះសាលាបានដឹកនាំសិស្សានុសិស្សចំនួន ២៣១នាក់ទៅប្រកួតក្នុងកម្មវិធីទាំងនោះរួមមាន Pange Math Olympiad, TeenEagle, Corpernicus Oylmpiad និង World Scholar’s Cup.

ជាសិស្សឆ្នើមម្នាក់នៃសាលា GGAS ទេព សុវណ្ណពិសី ក៏ទើបតែទទួលបាននូវមេដាយមាសចំណាត់ថ្នាក់លេខ១ ពីការប្រឡងប្រជែង គណិតវិទ្យា អូឡាំពិកពិភពលោកនៅប្រទេស អាឡឺម៉ង់ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ផងដែរ បាន លើកទឹកចិត្តដល់សិស្សដទៃទៀតឱ្យចូលរួមក្នុងការប្រកួតជាអន្តរជាតិបែបនេះដោយថាសូមមានជំនឿចិត្ត មានទំនុកចិត្តលើខ្លួនឯង។

យុវតី ទេព សុវណ្ណពិសី៖ «វាមិនអីទេក្នុងការព្យាយាមសាកល្បងនូវអ្វីដែលថ្មី វានឹងជាបទពិសោធន៍ដ៏អស្ចារ្យ ហើយប្រសិនជាអ្នកមិនអាចធ្វើបានល្អទេវាក៏គ្មានបញ្ហាអ្វីដែរ! មនុស្សគ្រប់គ្នាតែងមាននូវកំហុសគ្មាននណារម្នាក់ល្អឥតខ្ចោះនោះទេ។ […] មនុស្សដែលអ្នកឃើញថាពួកគេល្អឥតខ្ចោះក៏គេមិនប្រកដថាគេល្អឥតខ្ចោះដែរពួកគេអាចឆ្លងកាត់ប្រវត្តិមិនល្អ ឬក៏ធ្លាប់មានកំហុសផងដែរ»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក