
ក្រសួងវប្បធម៌ស្វែងរកសិល្បករ-សិល្បការិនី ដែលមានជំនាញផ្នែកចាប៉ីចូលរួមប្រឡងនៅមហាស្រពចាប៉ីដងវែងទូទាំងប្រទេស
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសស្វែងរកអ្នកមានទេពកោសល្យផ្នែកចាប៉ីដងវែង ឱ្យចូលរួមប្រឡងក្នុងមហាស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២-០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព និងផ្សព្វផ្សាយតាមបណ្តោញសង្គមហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រសួងវប្បធម៌បានអំពាវនាវសិល្បករ និងសិល្បការិនីដែលមានទេពកោសល្យចូលរួមប្រឡងក្នុងមហាស្រពដ៌មានសារៈសំខាន់នេះក្នុងបុព្វហេតុថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែងឱ្យកាន់តែរីកដុះដាលថែមទៀត។
ក្រសួងវប្បធម៌បានបញ្ជាក់ថា សម្រាប់ជ័យលាភីលេខ១ នឹងទទួលបានពានមាស១ និងទឹកប្រាក់ ៦លានរៀល។ ជ័យលាភីលេខ២ ទទួលបានពានប្រាក់១ និងទឹកប្រាក់ ៤លានរៀល។ ជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ និងទឹកប្រាក់ ២លានរៀល។ ចំណែកជ័យលាភីលេខ៤ និងលេខ៥ ទទួលបានបណ្ណសរសើរ១ ទឹកប្រាក់ចំនួន ១លានរៀល។
សិល្បករ-សិល្បការិនីដែលមានបំណងចង់ដាក់ពាក្យប្រឡង អាចមកដាក់ពាក្យឱ្យបានមុនថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ត្រឹមល្ងាចម៉ោង៥ជាកំហិត។ អាចដាក់ពាក្យស្នើសុំប្រឡង និងវីដេអូប្រកួតតាមរយៈមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីខេត្ត ប្រធានអង្គការសមាគម និងសិល្បៈមហាជនជាសាមី ឬផ្ញើមកគណៈកម្មការរៀបចំមហោស្រពដែលមានទីស្នាក់នៅនាយកដ្ឋានសិល្បៈទស្សនីយភាព អាសយដ្ឋាន ផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕