ប្រជានេសាទបង់សំណាញ់តាមដងស្ទឹងបានក្រពើ ២ក្បាល ជាបន្តបន្ទាប់ធ្វើឱ្យអាជ្ញាធរ និងពលរដ្ឋនៅសង្កាត់ភ្នៀតក្រុងសិរីសោភ័ណបង្ហាញក្តីព្រួយបារម្ភ
បន្ទាយមានជ័យ៖ ពលរដ្ឋនៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ក៏ដូចជាអាជ្ញាធរ ជាពិសេសបងប្អូនប្រជានេសាទ រាវលេងលក្ខណៈគ្រួសារ កំពុងមានក្តីព្រួយបារម្ភ ខណៈដែលបងប្អូនប្រជាពលរដ្ឋអ្នកនេសាទ បង់សំណាញ់បានសត្វក្រពើ ចំនួន ២ក្បាល ជាបន្តបន្ទាប់នៅដងស្ទឹងភ្នៀត ស្ថិតនៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមការបញ្ជាក់ពីលោក ហួត សាវឺ ចៅសង្កាត់ភ្នៀត បានប្រាប់ភ្នាក់ងារ EAC News ប្រចាំខេត្តបន្ទាយមានជ័យ តាមទូរសព្ទឱ្យដឹងនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះថា មានប្រជានេសាទម្នាក់ បានបង់ជាប់សត្វក្រពើមួយក្បាល នៅដងស្ទឹងភ្នៀត នៅល្ងាចថ្ងៃទី៣១ ខែកក្កដានេះ ពិតប្រាកដមែន ហើយសត្វក្រពើដែលបង់សំណាញ់បាននេះទម្ងន់ប្រមាណ ៦គីឡូក្រាម។
ចៅសង្កាត់បានបញ្ជាក់ទៀតថា នេះជាលើកទី២ ហើយដែលប្រជានេសាទបង់បានសត្វក្រពើ ដោយលើកទីមួយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ប្រជានេសាទក៏បានបង់សំណាញ់បានកូនក្រពើមួយក្បាល ដែលមានទម្ងន់ប្រមាណ ៤គីឡូក្រាម នៅដងស្ទឹងភ្នៀតនេះដែរ។
ចៅសង្កាត់ក្នុងនាមជាអាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះប្រជានេសាទ រាវលេស ដាក់មង បង់សំណាញ់តាមដងស្ទឹងជាដើម ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះកុមារ មិនត្រូវបណ្តែតបណ្តោយឱ្យលេងទឹកស្ទឹងឡើយ អាចបង្កឱ្យមានករណីជាយថាហេតុណាមួយកើតឡើង៕