ព្រះសីហនុ៖ កាលពីវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បានធ្វើឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋ នៅឃុំអូរជ្រៅ ចំនួន ៥ខ្នងផ្ទះ ខូចខាតដំបូលផ្ទះទាំងស្រុង ១ខ្នង ដើមឈើបាក់សង្កត់ផ្ទះទាំងស្រុង ២ខ្នង ក្នុងនោះផ្ទះបានសង្កត់លើរថយន្ត ២គ្រឿង និងម៉ូតូ ១គ្រឿង និងសម្ភារមួយចំនួនទៀតតែមិនបណ្តាយប៉ះពាល់អាយុជីវិត ឬរបួសនោះទេ។
លោកអភិបាលស្រុកព្រៃនប់ លោក អ៊ី ធារិន បានបញ្ជាក់ថាកម្លាំងគណៈបញ្ជាការឯកភាពអាជ្ញាធរមូលដ្ឋាន ចុះជួយសម្រួលដោះស្រាយប្រជាពលរដ្ឋ ដែលពួកគាត់បានជួបនូវគ្រោះធម្មជាតិ បណ្ដាលឲ្យខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិមួយចំនួន។
លោកអភិបាលស្រុក បានបន្ថែមថា នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នេះ សាខាកាកបាទក្រហមខេត្តព្រះសីហនុ បាននាំយកសម្ភារ និងថវិកាមួយចំនួន ដើម្បីជួយសម្រួលដោះស្រាយជូនប្រជាពលរដ្ឋ ហើយក្រុមការងារចុះជួយមូលដ្ឋានឃុំក្នុងស្រុកព្រៃនប់ នឹងបន្តជួយដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកបន្ថែមទៀត៕