លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

ជំនន់ទឹកភ្លៀងនៅក្នុងកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ស្រកជាទៅវិញហើយ

ភ្នំពេញ៖ ភ្លៀងធ្លាក់កាលពីប៉ុន្មានថ្ងៃមុននេះបានបណ្តាលឱ្យតំបន់មួយចំនួនក្នុងខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង រងការជន់លិច និងធ្វើឱ្យផ្អាកចរាចរណ៍នៅលើផ្លូវមួយចំនួនក្នុងខេត្ត។ គិតមកដល់ថ្ងៃទី៣១ ខែកក្កដានេះ ទឹកដែលជន់លិចនៅតំបន់ទាំងនេះបានស្រកទៅវិញហើយ។

អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គីមកុលមុនី បានប្រាប់ EAC ថា ជំនន់ទឹកភ្លៀងបានជន់លិចផ្លូវជាតិលេខ៤ ឆ្ពោះទៅខេត្តព្រះសីហនុ ត្រង់ចំណុច៣កន្លែង គឺចំណុចស្ពានស្ទឹងសំរោង ក្នុងស្រុកកំពង់សិលា ចំណុចទី២នៅឃុំយាយម៉ៅ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺចន្លោះគីឡូម៉ែត្រលេខ៩៩ ទៅ១០០ លិចប្រវែង ១៥០ម៉ែត្រ និងលិចត្រង់ចំណុចព្រំប្រទល់ស្រុកភ្នំស្រួច ទៅស្រុកកំពង់សិលា ចន្លោះគីឡូម៉ែត្រលេខ១០៦ ទៅ១០៧ ប្រវែង ១០០ម៉ែត្រ។

ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ស្រុកទឹកឈូ ស្រុកកំពង់ត្រាច និងក្រុងកំពត ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាជនចំនួន ៤ ៤០៨ គ្រួសារ ផ្ទះលិចទឹកចំនួន ១ ០៥៥ខ្នង សាលារៀន ៤អគារ និងមានពលរដ្ឋចំនួន ១នាក់បានស្លាប់ និងបាត់ខ្លួនម្នាក់ក្នុងទឹកជ្រោះឱម៉ាល់ខណៈបច្ចុប្បន្នអាជ្ញាធរកំពុងតែស្វះស្វែងរក។

ក្នុងតំបន់មួយចំនួនក្នុងស្រុកដំណាក់ចង្អើរ និងក្រុងកែប នៃខេត្តកែប ក៏រងការជន់លិចផងដែរ ខណៈអាជ្ញាធរបានយកគ្រឿងចក្រទៅកាយដើម្បីរំដោះទឹកចេញ។ ជាមួយគ្នានេះ ខេត្តកោះកុងក៏រងប៉ះពាល់ដោយសារទឹកជំនន់ផងដែរ ប៉ុន្តែប៉ះពាល់តែឃុំចំនួន២ក្នុងស្រុកថ្មបាំង បង្កឱ្យលិចផ្លូវលំ និងផ្ទះពលរដ្ឋមួយចំនួន។

បើតាមអ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គីមកុលមុនី ទឹកដែលជន់លិចនៅតំបន់ជាប់សមុទ្រខាងលើនេះចាប់ផ្តើមស្រកមកជាធម្មតាវិញហើយ។ លោកប្រាប់ដូច្នេះថា៖ «ស្ថានភាពទៅមុខទៀត គឺអាស្រ័យលើស្ថានភាពទឹកភ្លៀង បើសិនមានទឹកភ្លៀងបរិមាណច្រើនធ្លាក់មកទៀត អាចនឹងមានជំនន់ទឹកភ្លៀង»។

លោកបានអះអាងថា ក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានត្រៀមកម្លាំង មធ្យោបាយ និងផែនការត្រៀមបម្រុង ដើម្បីអន្តរាគមន៍បានទាន់ពេលវេលា និងឆ្លើយតបគ្រោះធម្មជាតិដែលអាចកើតមានខាងមុខនេះ ខណៈនៅតាមបណ្តាខេត្តក៏បានត្រៀមរៀបចំទីទួលសុវត្ថិភាព ត្រៀមទូក កាណូត និងឧបករណ៍សម្ភារផ្សេងៗដើម្បីជួយសង្គ្រោះពលរដ្ឋ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានអំពាវនាវដល់អាជ្ញាធរក្រុងស្រុក និងពលរដ្ឋ តាមដាននូវការព្យាករអាកាស និងជូនដំណឹងអំពីបញ្ហាអាកាសធាតុដល់មន្ត្រីជំនាញ ដើម្បីជាការជូនដំណឹងដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នទុកជាមុន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក