ព្រះសីហនុ៖ គិតត្រឹមវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសដាក់ឲ្យចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤ ជាធម្មតា ចំណុចស្ពានស្ទឹងសំរោង ត្រង់គីឡូម៉ែត្រ១១៥-១១៦ ខណៈទឹកបានស្រកផុតអស់ពីផ្លូវជាតិហើយ។
កាលពីថ្ងៃពីម្សិលមិញនេះត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ អាជ្ញាធរខេត្តព្រះសីហនុ បានបិទផ្អាកចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ជាបណ្តោះអាសន្ន ដោយសារដ្ឋានភាពជំនន់ទឹកភ្លៀងជន់លិច និងហូរកាត់ផ្លូវជាតិលេខ៤។
ជាមួយគ្នានោះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ស្ថានភាពទឹកនៅស្ទឹងសំរោង ក្នុងឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១១៦ ទឹកបានឡេីងដល់កម្ពស់៥,៧៧ម៉ែត្រ/៦,០០ម៉ែត្រ ដោយទឹកបានហូរកាត់ផ្លូវប្រវែងចន្លោះពី ៥០ម៉ែត្រ ទៅ១០០ម៉ែត្រ ជាចំណុចជូនដំណឹងដល់ប្រជាពលរដ្ឋផ្អាកការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន។
គួររំលឹកផងដែរថា តាមបណ្តារខេត្តដែលជាប់មាត់សមុទ្រ ដូចព្រះសីហនុ កោះកុង កំពត និងកែប គឺសុទ្ធសឹង តែត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង និងផ្អាកចរាចរណ៍ផ្លូវសំខាន់ៗមួយចំនួនក្នុងខេត្តផងដែរ៕