
សហភាពសហព័ន្ធយុវជនកម្ពុជា៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានដំណើរការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ពិនិត្យឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នេះ បានដំណើរការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍ច្បាប់ ជាពិសេសការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសល្អប្រសើរ និងគ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ ឬគ្មានការគំរាមកំហែង។
យោងតាមសេចក្តីថ្លែងការណ៍ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៣ របស់សហភាពសហព័ន្ធយុវជនកម្ពុជាចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឱ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជូនសមាជិករបស់ខ្លួនសរុបចំនួន ៤១ ៣៣៣នាក់ ដើម្បីធ្វើជា អ្នកសង្កេតការណ៍នៅតាមបណ្តាការិយាល័យបោះឆ្នោតនៅទូទាំង ២៥រាជធានី-ខេត្ត ក្នុងព្រឹត្តិការណ៍បោះឆ្នោតកន្លងទៅថ្មីៗនេះ។
ស.ស.យ.ក បានចូលរួមសង្កេតការណ៍ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនេះ គឺជាបេសកកម្មដ៏សំខាន់របស់យុវជន ដើម្បីរួមចំណែកនៅក្នុងកិច្ចដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ការឃ្លាំមើលការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់នៅរៀងរាល់ ៥ ឆ្នាំម្តង ស្របតាមការ កំណត់នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ដើម្បីប្រជាពលរដ្ឋខ្មែរទាំងពីរភេទនៅទូទាំងប្រទេស ប្រើសិទ្ធិ របស់ខ្លួនដើម្បីជ្រើសរើសមេដឹកនាំប្រទេសជាតិ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាម ច្បាប់បទបញ្ជា និងនីតិវិធីជាធរមាន។
សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ ថ្នាក់ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការយក ចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធ្វើឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមានទាក់ទងនឹងការ បោះឆ្នោត។
គួរបញ្ជាក់ដែរថា ពលរដ្ឋបានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត្រា ៨៤,៥៨% ដែលជាអត្រាមួយខ្ពស់ជាងគ បើប្រៀបធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលកន្លងមក៕