សាលាអាមេរិកាំងហ្គោលឌិនហ្គេតប្រកាសដាក់កម្មវិធីសិក្សាអន្តរជាតិ IB ក្នុងកម្មវិធីបណ្ដុះបណ្ដាលរបស់សាលា
ភ្នំពេញ៖ សាលាអាមេរិកាំងហ្គោលឌិនហ្គេត ឬ GGAS បានប្រកាសដាក់កម្មវិធីសិក្សាអន្តរជាតិ IB ចូលក្នុងកម្មវិធីបណ្ដុះបណ្ដាលរបស់សាលា។ នាយិកាសាលាបានលើកឡើងថាកម្មវិធីថ្មីនេះនឹងជំរុញលើកទឹកចិត្តដល់សិស្សក្នុងការចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ ជាពិសេសនឹងធ្វើឱ្យពួកគេក្លាយជាសិស្សសកម្ម មានភាពក្លាហាន និងមានទំនួលខុសត្រូវ។
កម្មវិធីសិក្សាអន្តរជាតិ IB គឺជាកម្មវិធីសិស្សាដែលផ្ដាល់ការលើកទឹកចិត្តទាំងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងសមិទ្ធិផលសិក្សា ដែលជំរុញសិស្សឱ្យគិតពិចារណា សួរសំណួរត្រឹមត្រូវ និងគិតគ្រប់វិញ្ញាសា។ ការអប់រំ IB ក៏ជំរុញឱ្យមានភាពចម្រុះ ការចង់ដឹងចង់ឃើញ និងចំណង់អាហារដែលមានសុខភាពល្អសម្រាប់ការរៀនសូត្រផងដែរ។
ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីសិក្សាថ្នាក់អន្តរជាតិ IB សម្រាប់សាលា GGAS បានធ្វើឡើងនៅសណ្ឋាគារ Sofitel Phnom Penh កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ដោយមានការប្រគល់សិទ្ធិជាផ្លូវការពីតំណាងស្ថាប័ន IB ដល់នាយិកាសាលា GGAS លោកស្រី ហេង សុគន្ធា ផងដែរ។
ប្រធានទទួលបន្ទុកកម្មវិធីសិក្សាអន្តរជាតិ IB របស់សាលា GGAS កញ្ញា Caitlin Hurly បានថ្លែងថាសាលាអាមេរិកាំងហ្គោលឌិនហ្គេតបានប្ដេជ្ញាក្នុងការផ្ដល់ជូនកម្មវិធីសិក្សាទាំងជាតិ និងតាមស្ដង់ដារអាមេរិកាំងដល់សិស្ស។ កញ្ញាបន្ថែមថាការដាក់បញ្ចូលកម្មវិធីសិក្សាអន្តរជាតិនៅសាលា GGAS គឺជាការយកចិត្តទុកដាក់របស់គណៈគ្រប់គ្រងសាលាក្នុងការផ្ដល់ជូនការអប់រំដ៏ល្អសម្រាប់សិស្សានុសិស្ស ដើម្បីឱ្យពួកគេត្រៀមខ្លួនសម្រាប់ការវិត្តន៍ដ៏ឆាប់រហ័សក្នុងពិភពលោក។
កញ្ញាថា៖ «នៅសាលា Golden gate American School ខ្ញុំនឹងប្តេជ្ញាចិត្តដើម្បីឧត្តមភាពនៅតែមិនផ្លាស់ប្តូរ យើងជឿថាតាមរយៈការទទួលយកកម្មវិធី IB រួមជាមួយនឹងកម្មវិធីសិក្សាអាមេរិករបស់យើង យើងកំពុងផ្តល់ឱ្យសិស្សរបស់យើងនូវការអប់រំដ៏ទូលំទូលាយដែលបណ្តុះគំនិតបេះដូង និងព្រលឹងរបស់ពួកគេជាមួយគ្នា យើងនឹងបណ្តុះសហគមន៍នៃអ្នកសិក្សាដែល មិនត្រឹមតែសម្រេចបានតាមរយៈការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏មានចិត្តមេត្តាបើកចិត្តទូលាយ និងតាំងចិត្តធ្វើឱ្យមានផលវិជ្ជមានដល់សង្គមពេលយើងចាប់ផ្ដើម»។
អ្នកគ្រប់គ្រងជាន់ខ្ពស់របស់កម្មវិធីសិក្សា IB នៅអាស៊ីអាគ្នេយ៍លោក Faizol Musa បានថ្លែងថា សាលាអាមេរិកាំងហ្គោលឌិនហ្គេតបានបំពេញគ្រប់លក្ខខណ្ឌនៃការតម្រូវសម្រាប់ក្លាយជាសមាជិកសាលា IB ពិភពលោកដោយចំណាយពេលត្រឹម៨ខែប៉ុណ្ណោះ ខណៈដែលជាមធ្យមគឺត្រូវចំណាយពេលដល់២ឆ្នាំឯណោះដើម្បីទទួលបាន។ លើសពីនេះទៀតសាលាថែមទាំងទទួលបានការអនុញ្ញាតឱ្យអនុវត្តន៍កម្មវិធី IB ពីថ្នាក់បឋមរហូតដល់មធ្យមសិក្សាថែមទៀត។
នាយិកាសាលាអាមេរិកាំងហ្គោលឌិនហ្គេតលោកស្រី ហេង សុគន្ធា បានថ្លែងថាការដាក់បញ្ជូលកម្មវិធីសិក្សា IB នេះគឺដើម្បីឆ្លើយតបនឹងការគាំទ្រពីសំណាក់អាណាព្យាបាលសិស្ស ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស៍អប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកស្រីបន្ថែមថា កម្មវិធីអន្តរជាតិដែលល្បីល្បាញទូទាំងពិភពលោកនេះនឹងដឹកនាំសិស្សានុសិស្សកម្ពុជាឈានឆ្ពោះទៅក្នុងកម្មវិធីសិក្សា និងការប្រកួតប្រជែងកម្រិតអន្តរជាតិ ហើយកម្មវិធីនេះ គឺលើកទឹកចិត្តសិស្សឱ្យក្លាយជាអ្នកសិក្សាសកម្ម មានភាពក្លាហាន និងយកចិត្តទុកដាក់ ហ៊ានធ្វើកិច្ចការលំបាក ចេះសាកសួរនិងអង្កេត មានទំនួលខុសត្រូវខ្ពស់ លើការសិក្សារបស់ខ្លួនពេញមួយជីវិត។
លោកស្រីថា៖ «តាមរយៈការខិតខំប្រឹងប្រែង របស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត មានក្ដីសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សរបស់យើងនឹងទទួលបាននូវការអប់រំដ៏ល្អបំផុត ដែលអាចជួយឱ្យពួកគេកាន់តែមានជោគជ័យក្នុងការសិក្សាកម្រិតឧត្តម ទាំងក្នុងប្រទេសនិងក្រៅប្រទេស»។
រដ្ឋលេខាធិការក្រសួងអប់រំលោកស្រី គឹម សេដ្ឋានី បានអបអរសាទរចំពោះសាលា GGAS ដែលបានទទួលនូវសិទ្ធិដាក់អនុវត្តកម្មវិធីសិក្សាថ្នាក់អន្តរជាតិ IB ជាផ្លូវការនាពេលនេះ។
លោកស្រីថាកម្មវិធីសិក្សា IB ជាកម្មវិធីមួយដែលមានសារៈសំខាន់ ព្រោះកម្មវិធីនេះ មិនមែនត្រឹមតែផ្តល់ចំណេះដឹងខ្នាតអន្តរជាតិ លើជំនាញរឹង (hard skill) ប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់ឱ្យសិស្សនូវជំនាញទន់ ( Sotf skill) ដែលជាបំនិននៅក្នុងសតវត្សទី២១ ជាបំនិនក្នុងការ ត្រិះរិះពិចារណា ការធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទងការប្រើប្រាស់បច្ចេកវិទ្យា បង្កើតនូវវិន័យផ្ទាល់ខ្លួន ការតស៊ូ អត់ធ្មត់ និងបំនិនទន់ផ្សេងៗជាច្រើនទៀត សម្រាប់បំពេញតម្រូវការការងារនាពេលអនាគត។
លោកស្រីថា៖ «នៅក្នុងបរិបទបដិវត្តឧស្សាហកម្ម ៤.០នេះ គឺមិនមែនរៀនដូចពីមុននោះទេ ថ្នាក់រៀនត្រូវតែផ្សារភ្ជាប់នូវវិធីសាស្រ្តបង្រៀនផ្សេងៗ ដែលធ្វើឱ្យសិស្សានុសិស្សមានទាំងបំនិនរឹងផង បំនិនទុនផង ទើបគេអាចទទួលបានជោគជ័យនៅ ពេលដែលគេចេញទៅធ្វើការងារខាងក្រៅ»។
គិតត្រឹមឆ្នាំ២០២៣ នេះមានសាលាចំនួន៥៧០០ នៅក្នុងចំណោមប្រទេសចំនួន១៥៩ កំពុងអនុវត្តកម្មវិធីសិក្សារបស់ IB។ ដោយឡែកនៅកម្ពុជាមានសាលាចំនួន៧ ទទួលបានសិទ្ធិ ក្នុងការបង្រៀនកម្មវិធីនេះ ក្នុងនោះសាលាអាមេរិកាំងហ្គោលឌិនហ្គេត ជាសាលាមួយដែលទទួលបានសិទិ្ធពេញលេញក្នុងការបង្រៀនថ្នាក់វិទ្យាល័យ IB DP លឿនជាងកាលកំណត់ ក្នុងលក្ខខណ្ឌសុំសិទ្ធិរបស់ IB។ ជាមួយគ្នានឹងការដាក់សម្ពោធដំណើរការកម្មវិធីសិក្សាអន្តរជាតិនេះ GGAS នឹងផ្ដល់អាហារូបករណ៍មួយចំនួនលើថ្លៃសិក្សារហូតដល់ថ្នាក់វិទ្យាល័យផងដែរ។
សាលាអាមេរិកាំងហ្គោលឌិនហ្គេតនឹងចាប់ផ្តើមទទួលសិស្សឱ្យចុះឈ្មោះចូលរៀនកម្មវិធី IB ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ចាប់ពីពេលនេះតទៅ៕