នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាទំនាក់ទំនងរវាងរដ្ឋាភិបាលថ្មីរបស់កម្ពុជា និងអង្គការ AHPF នឹងត្រូវបានពង្រឹង
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតអរគុណចំពោះតំណាងវេទិកាសន្តិភាពសិទ្ធិមនុស្សអាស៊ី (AHPF) សេអ៊ូល លោក Kim Bouk-ju ដែលបានអបអរសាទរចំពោះជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះតំណាងវេទិកាសន្តិភាពសិទ្ធិមនុស្សអាស៊ី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា សម្តេចសង្ឃឹមយ៉ាងមុតមាំថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជាថ្មី និងវេទិកាសិទ្ធិមនុស្សអាស៊ី នឹងត្រូវបានពង្រឹងបន្ថែមទៀត ដើម្បីរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍសម្រាប់តំបន់ និងពិភពលោកទាំងមូល។
គួរឱ្យដឹងដែរថា AHPF ធ្លាប់ជាអង្គការមួយដែលបានប្រមូលផ្ដុំអ្នកគាំទ្រអតីតបក្សសង្គ្រោះធ្វើបាតុកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា និងបានប្រគល់ពានអ្នកប្រជាធិបតេយ្យទៅឱ្យ សម រង្ស៊ី ផងដែរ។
លោក យឹម ស៊ីណន ដែលធ្លាប់ជាអតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការងារបានប្រាប់ EAC News ថា ការងាកមកទទួលស្គាល់ការបោះឆ្នោត និងអបអរសាទរសម្ដេចតេជោរបស់អង្គការអន្តរជាតិមួយនេះគឺបានបង្ហាញពីការទទួលស្គាល់នូវការពិតដែលមិនអាចបំភ្លៃបានចំពោះការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា៕