លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ក្រុមហ៊ុនរបស់ជប៉ុនគ្រោងបោះទុនវិនិយោគសាងសង់ផ្ទះបន្តោងនឹងដើមឈើ លំដាប់សណ្ឋាគារផ្កាយ៥ពិភពលោកលើភ្នំគូលែន

សៀមរាប៖ ក្រុមហ៊ុនរបស់ជប៉ុនគ្រោងបោះទុនវិនិយោគសាងសង់ផ្ទះបន្តោងលើដើមឈើប្រណិតៗ ដើម្បីបំបែកកំណត់ត្រាថ្មីនៅលើភ្នំគូលែន ក្រោយបំបែកឯតទគ្កកម្មផ្ទះបន្តោង (Tree house) ប្រណិតកំរិតសណ្ឋាគារផ្កាយ៥ពិភពលោក (Guinness World Records) នៅកោះអូគីណាវ៉ា កាលពីដើមសីហាឆ្នាំ២០២២ ថ្មីៗនេះ។

តំណាងក្រុមហ៊ុន TreeFul លោក Nabesshima Katsuhito បានឲ្យដឹងកាលពីពេលថ្មីៗនេះថា កាលពីដើមឆ្នាំ២០២៣នេះ លោក Satoru Kikugawa ជាវិស្វករដ៏ល្បីម្នាក់លំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Tree Ful ដែលជាក្រុមហ៊ុនសាងសង់ផ្ទះបន្តោងដើមឈើដ៏ប្រណិតៗនៅលើកោះអូគីណា ប្រទេសជប៉ុន បានមកកម្ពុជាដោយបានចុះទៅសិក្សាផ្ទាល់នៅតាមទីតាំងមួយចំនួន នៅក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីឃើញនូវសក្តានុពលរបស់ភ្នំគូលែនដោយផ្ទាល់ភ្នែក លោក Satoru Kikugawa មានចំណាប់អារម្មណ៍ក្នុងសាងសង់ផ្ទះបន្តោងប្រណិត នៅលើភ្នំប្រវត្តិសាស្ត្រ ព្រមទាំងបានបញ្ជូនអ្នកជំនាញទាំងផ្នែកកសិកម្ម ផ្នែកបរិស្ថាន និងផ្នែកបច្ចេកទេស មកពិនិត្យ វាយតម្លៃអំពីសក្តានុពល និងផលប៉ះពាល់នៅតំបន់នេះ និងឈានដល់ការកសាងផែនការមេ ដាក់ជូនក្រសួងពាក់ព័ន្ធ ដើម្បីសុំការអនុញ្ញាតសម្រាប់ការវិនិយោគមួយនេះ។

ទន្ទឹមនោះ លោក Katsuhito បានលើកឡើងថា ភ្នំគូលែនមានដើមឈើធំៗ មានទឹក មានសត្វព្រៃ និងនៅជិតអតីតរាជធានីបុរាណផងដែរ ដូច្នេះវាត្រូវនឹងគំនិតនៃការបង្កើត ផ្ទះបន្តោងដើមឈើនេះ។ លោកថាបើទទួលបានការអនុញ្ញាត គម្រោងនេះ បានផ្តល់ផលចំណេញច្រើនដល់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច បរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅក្នុងតំបន់ផងដែរ។

លោកថា៖ «ផ្ទះបន្តោងនេះ វាក្លាយជាកញ្ចប់ផលិតផលទេសចរណ៍មួយថ្មីនៅកម្ពុជាទៀតផង។ វានឹងជួយទាក់ទាញអ្នកទេសចរដែលមានគុណភាពឲ្យមកលេង និងពន្យាពេលស្នាក់នៅកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាបផ្ទាល់»

លោក Nabesshima Katsuhito បានលើកឡើងថា ផ្ទះបន្តោងនេះនឹងត្រូវរចនាឡើងដោយប្រណិតភាព និង ជាគម្រោងមួយដែលមានមេត្រីភាពជាមួយបរិស្ថាន។ លោកថា ជប៉ុន ជាប្រទេសដែលស្រលាញ់បរិស្ថាន ដូច្នេះគម្រោងនេះនឹងមិនបានបំផ្លាញបរិស្ថាននោះទេ ហើយក៏ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។

លោកគូសបញ្ជាក់ថា ក្នុងពេលគម្រោងនេះអនុវត្ត កម្ពុជាក៏អាចក្លាយជាគោលដៅដាក់ទុនវិនិយោគរបស់ក្រុមហ៊ុនជប៉ុនដទៃទៀត ដែលគេបានស្គាល់កម្ពុជា តាមរយ:ផ្ទះបន្តោងដើមឈើ (Tree house) របស់ក្រុមហ៊ុន Tree Ful នេះផងដែរ។

គួរឱ្យដឹងដែរថា យោងតាមក្រុមហ៊ុន Tree Ful ផ្ទះបន្តោងនេះ ជាគំនិតច្នៃប្រឌិតមួយ ដែលផ្សារភ្ជាប់នឹងបរិស្ថាន និងជីវ:ចម្រុះ ហើយមិនបានបំផ្លាញដើមឈើនោះទេ តែវាបានជួយការពារដើមឈើពីការកាប់បំផ្លាញ ដែលសូម្បីតែការសាងសង់ក៏គេបានគិតយ៉ាងល្អិតល្អន់ពីសុវត្ថិភាពរបស់ដើមឈើទាំងនោះផងដែរ គឺមិនមានការប៉ះពាល់សូម្បីតែដែកគោលមួយដើមក៏គេមិនបានដំចូលដើមឈើដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក