អង់គ្លេស៖ ការប្រកួតបាល់ឱបជើងឯកពិភពលោក ឬ Rugby League World Cup ២០២១ ដែលគ្រោងនៅប្រទេសអង់គ្លេស អំឡុងខែតុលាខាងមុខនេះ ត្រូវបានប្រកាសលើកពេលជាផ្លូវការទៅកាន់ឆ្នាំ២០២២ វិញ។ ដំណឹងនេះត្រូវបានប្រកាស ដោយគាប់ជួនបន្ទាប់ពីអូស្រ្តាលី និងនូវេហ្សេឡង់ ដែលជាជើងខ្លាំងនៃកីឡាបាល់ឱបនេះ បានប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍នេះ ដោយបារម្ភពីបញ្ហានៃមេរោគឆ្លងជំងឺកូវីដ-១៩។
ដំបូងឡើយ គណៈកម្មាធិការរៀបចំការប្រកួតគ្រោងនឹងដំណើរការរៀបចំធម្មតា មុនពេលសេចក្តីប្រកាសចុងក្រោយត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍បាល់ឱបជើងឯកពិភពលោកឆ្នាំ២០២១ គ្រោងធ្វើនៅថ្ងៃទី២៣ ខែតុលាខាងមុខនៅកីឡដ្ឋាន St. James Park របស់ក្លិបបាល់ទាត់ Newcastle United ខណៈប្រកួតបើកឆាកគឺជាជំនួបរវាងម្ចាស់ផ្ទះអង់គ្លេស និងកោះសាម៉ៅ។
ព្រឹត្តិការណ៍បាល់ឱបពិភពលោក ឬ Rugby League World Cup នេះតែងតែរៀបចំការប្រកួតរៀងរាល់ ៤ឆ្នាំម្តង ខណៈអូស្រ្តាលី ជាក្រុមជើងឯក ១១ សម័យ ហើយក៏ជាក្រុមដែលជោគជ័យជាងគេបំផុតចាប់តាំងពីព្រឹត្តិការណ៍នេះបង្កើតឡើងនៅឆ្នាំ១៩៥៨។ អូស្រ្តាលី គឺជាក្រុមដែលគេរំពឹងថានឹងឈ្នះការពារតំណែងជើងឯករបស់ខ្លួនបាននៅឆ្នាំ២០២១ ស្របពេលនូវេហ្សេឡង់ក៏ជាបេក្ខភាពប្រជែងជើងឯកបានផងដែរ ត្បិតតាំងពីឆ្នាំ១៩៧៥ មក អូស្រ្តាលីជាក្រុមគ្រងជើងឯកស្ទើរតែទាំងអស់ លើកលែងតែនៅឆ្នាំ២០០៨ ដែលនូវេហ្សេឡង់ឈ្នះជើងឯកការប្រកួតនេះ៕