លោក ហ៊ុន ម៉ានី ជឿជាក់ថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលនឹងបន្តបម្រើជាតិ និងប្រជាជនឥតងាករេ
ភ្នំពេញ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន ប្រកាសឈប់បន្តធ្វើជានាយករដ្ឋមន្ត្រីជំនួសដោយនាយករដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី បានបង្ហាញភាពជឿជាក់របស់លោកថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលនឹងនៅតែបន្តបម្រើដោយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន ឥតងាករេ និងមានតែប្រឹងប្រែងទ្វេដងថែមទៀត។
តាមរយៈសំណេរលើហ្វេសប៊ុករបស់លោកផ្ទាល់ លោក ម៉ានី ដែលជាកូនប្រុសរបស់សម្តេចតេជោ ក៏បានចាត់ទុកសម្តេច ហ៊ុនសែន លើសពីឪពុក។ លោកបានលើកឡើងពីរឿងរ៉ាវជាច្រើនដែលសម្តេចបានលះបង់សម្រាប់ជាតិ មាតុភូមិ និងប្រជាជនតាំងពីយុវវ័យ រហូតដល់បច្ចុប្បន្ន។
លោក ហ៊ុន ម៉ានី បានរៀបរាប់ក្នុងសំណេរដូច្នេះថា៖ «ក្នុងនាមជាយុវជនកម្ពុជាមួយរូប ខ្ញុំសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ពុក/សម្តេចតេជោ ថ្នាក់ដឹកនាំគណបក្ស និងរាជរដ្ឋាភិបាលទាំងអស់ដែលបានលះបង់ស្ទើរពេញមួយជីវិត ជាពិសេស លះបង់យុវវ័យរបស់ខ្លួនដើម្បីជាតិ ស្រោចស្រង់ចេញពីគំនរផេះផង់នៃសង្រ្គាមផ្ទៃក្នុង ទៅកាន់ត្រើយសន្តិភាព ដឹកនាំប្រទេសពីបាតដៃទទេ ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ពីប្រទេសដែលយុវជនស្ទើរតែគ្មានឱកាសសោះ ទៅជាប្រទេសដែលបង្កើតឱកាសជាច្រើន ក្នុងបរិយាកាសមិនចាញ់ប្រទេសដទៃ ក៏ដូចជាបណ្តាស្នាដៃជាច្រើនរាប់មិនអស់ផ្សេងទៀត»។
ទន្ទឹមនេះ ប្រធានស.ស.យ.ក ក៏បានលើកឡើងពីការលះបង់ដ៏ធំធេងមួយទៀតរបស់សម្តេចតេជោក្នុងការមិនបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី ដើម្បីបម្រើដល់ទស្សនវិស័យវែងឆ្ងាយ ក្នុងការត្រួសត្រាយផ្លូវឱ្យអ្នកបន្តវេនបន្តទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិ និងប្រជាជន ដោយគ្មានស្ទាក់ស្ទើរ និងមិនចុះចាញ់ចំពោះឧបសគ្គ។
បន្ថែមពីការលះបង់នេះ លោក ហ៊ុន ម៉ានី ក៏បានលើកឡើងថា សម្តេចតេជោតែងតែតម្កល់ «ជាតិ និងប្រជាជនជាចម្បង» និងសិល្បៈនៃការដឹកនាំ ដែលមានទាំងចក្ខុវិស័យ និងភាពជាក់ស្តែងនិយមក្នុងការអនុវត្ត បត់បែនទៅតាមដំណាក់កាលនៃការវិវឌ្ឍសង្គមចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពម៉ឺងម៉ាត់ និងជំហររឹងមាំលើឆាកអន្តរជាតិ តែទន់ភ្លន់ កក់ក្តៅជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ជាពិសេសគឺជនរួមជាតិកម្ពុជា។
លោកជឿជាក់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលនឹងនៅតែបន្តបម្រើដោយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន ឥតងាករេ និងមានតែប្រឹងប្រែងទ្វេដងថែមទៀត។
លោកបន្តថា៖ «ព្រះរាជាណាចក្រកម្ពុជានឹងបន្តដំណើរទៅមុខប្រកបដោយសុទិដ្ឋិនិយម មោទកភាព ភាពជឿជាក់ ភាពស្វាហាប់ និងការប្តេជ្ញាចិត្តខ្ពស់ដើម្បីបុព្វហេតុជាតិ និងប្រជាជនឆ្ពោះទៅមុខទៀត។ បងណែត! ពួកយើងជឿជាក់លើបង!»។
គូសបញ្ជាក់ថា តាមប្រសាសន៍របស់សម្តេចតេជោកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ហើយបន្ទាប់មកសម្តេចតេជោនឹងឈរឈ្មោះជាប្រធានព្រឹទ្ធសភានៃកម្ពុជាជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅឆ្នាំ២០២៤ ហើយសម្តេចនឹងធ្វើជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ៕