ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី២២ ខែសីហាតទៅ ដោយបន្តតំណែងដល់បេក្ខភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេចដោយផ្ទាល់។
សម្ដេចបានកាន់តំណែងរហូតមកដល់ថ្ងៃទី២២ ខែសីហាខាងមុខមានចំនួន ១៤ ០៩៩ថ្ងៃ ដែលស្មើនឹង ៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេបង្អស់នៅលើពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសុន្ទរកថាពិសេសរបស់សម្ដេចនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះថា ចាប់ពីល្ងាចថ្ងៃទី២២ ខែសីហា ខាងមុខកម្ពុជានឹងមាននាយករដ្ឋមន្ត្រីថ្មីគឺបណ្ឌិត ហ៊ុន ម៉ាណែត។
សម្ដេចថា៖ «ខ្ញុំព្រះករុណាខ្ញុំសុំការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋដើម្បីប្រកាសថាខ្ញុំព្រះករុណាខ្ញុំនឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រីនោះទេ។ ខ្ញុំព្រះករុណាខ្ញុំពិតជាបានប្រកាសខ្លួនថាជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ ហើយឯកឧត្តម ហ៊ុន ម៉ាណែត គឺជាបេក្ខជននាយករដ្ឋមន្ត្រីអនាគតតែសភាពការណ៍បានតម្រូវឱ្យធ្វើការរៀបចំរាជរដ្ឋាភិបាលចាប់ពីដើមអាណត្តិនេះទៅដើម្បីធានានូវភាពរលូននៃដំណើរការរាជរដ្ឋាភិបាលដោយគ្មានអាក់ខាន»។
មិនមែនសម្ដេចមួយទេដែលបញ្ចប់តួនាទីរបស់ខ្លួនក្នុងនោះឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីផ្សេងទៀតក៏នឹងត្រូវបញ្ចប់តួនាទីជារដ្ឋមន្ត្រីផងដែរដើម្បីផ្ដល់ឱកាសដល់មនុស្សជំនាក់ក្រោយក្នុងការដឹកនាំប្រទេស។
សម្ដេចតេជោស្នើឱ្យឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីដែលមិនបានទទួលតំណែងទៅទៀតអាចទៅធ្វើជាតំណាងរាស្ត្រវិញ។
សម្ដេចថា៖ «សុំឱ្យរដ្ឋមន្ត្រីនានាដែលមិនទទួលតំណែងជារដ្ឋមន្ត្រីតទៅទៀតអង្គុយនៅរដ្ឋសភាជាតំណាងរាស្ត្រព្រោះពួកយើងចាស់ៗណាស់ហើយ»។
យោងតាមប្រតិទិនស្ដីពីការប្រកាសលទ្ធផលឆ្នោតផ្លូវការអាចនឹងត្រូវប្រកាសនៅថ្ងៃទី៥ ខែសីហា ហើយលោក ហ៊ុន ម៉ាណែត អាចនឹងត្រូវព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី៧ ដើម្បីមានឱកាស និងពេលវេលាគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល មុននឹងដាក់ឆ្លងសុំការយល់ព្រមពីរដ្ឋសភានៅថ្ងៃទី២២ ខែសីហា។
នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាសម្ដេចនឹងលាលែងតំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែសីហាតែម្ដង។
សម្ដេចបានថ្លែងបន្ថែមថា៖ «ហ៊ុន ម៉ាណែត នឹងចាប់ផ្ដើមធ្វើនាយករដ្ឋមន្ត្រីនាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ»។
ជាមួយគ្នានេះសម្ដេចតេជោបានអំពាវនាវពលរដ្ឋកុំមានការបារម្ភចំពោះការចាកចេញពីការិយាល័យនាយករដ្ឋមន្ត្រីរបស់សម្ដេច ដោយថានាយករដ្ឋមន្ត្រីបន្តនឹងធ្វើការងារធម្មតាដើម្បីរក្សាស្ថេរភាព សន្ដិសុខ និងការរីកចម្រើនរបស់ប្រទេស។
ទោះបីជាសម្ដេចតេជោមិនបន្តតំណែងជានាយករដ្ឋមន្ត្រីដែលជាការលះបង់អំណាចដ៏ខ្លាំងក្លាមួយនៅកម្ពុជា តែសម្ដេចតេជោនៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា និងនៅឆ្នាំ២០២៤ខាងមុខសម្ដេចនឹងឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភាផងដែរ ខណៈសម្ដេចនឹងកាន់កិច្ចការជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រផងដែរ ដោយមានសម្តេច ហេង សំរិន សម្តេច ស ខេង សម្តេច ម៉ែន សំអន និងសម្តេច ទៀ បាញ់ ជាសមាជិក។
សម្តេចតេជោបានគូសបញ្ជាក់ថា តំណែងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រនេះមិនមានអំណាចឡើយ ដោយសម្ដេចនឹងដង្ហែព្រះមហាក្សត្រក៏ដូចជាជួយសម្របសម្រួលរវាងព្រះបរមរាជវាំងជាមួយនឹងរាជរដ្ឋាភិបាល(ថ្មី) ជាពិសេសការផ្គត់ផ្គង់ភ័ស្តុភារ ឬអ្វីទាំងឡាយ សន្តិសុខ ជាពិសេសការការពារព្រះរាជបល្ល័ង្កតែម្តង។
សម្ដេចថា៖ «ខ្ញុំព្រះករុណាខ្ញុំសុំបញ្ជាក់ថាការលះបង់របស់ខ្ញុំនេះគឺជាការលះបង់មួយដ៏ធំប៉ុន្ដែការលះបង់របស់ខ្ញុំព្រះករុណាខ្ញុំនេះវាមានតម្លៃដើម្បីធានាដល់សេចក្ដីសុខសាន្តរបស់ប្រជាជន»។
សម្ដេចតេជោបញ្ជាក់ថាការនេះគឺសម្ដេចបានធ្វើតាមព្រះរាជគំរូសម្ដេចព្រះបរមរតនកោដ្ឋដែលព្រះអង្គបានដាក់រាជ្យរៀបចំព្រះមហាក្សត្រថ្មីឱ្យរួចរាល់មិនធ្វើឱ្យមានស្ថានភាពច្របូលច្របល់ពេលដែលអត់ពីអតីតព្រះមហាក្សត្រ។
គួរឱ្យដឹងផងដែរថានាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥មករហូតដល់បច្ចុប្បន្នដែលបានធ្វើឱ្យសម្ដេចក្លាយជានាយករដ្ឋមន្រ្តីដែលកាន់អំណាចដ៏យូរបំផុតមួយនៅក្នុងពិភពលោក។
នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើការលះបង់ក្នុងការចូលព្រៃរត់ទៅវៀតណាមដើម្បីកែនកម្លាំងវាយផ្ដួលរំលំខ្មែរក្រហមរំដោះ ការលះបង់លើកទី២ការហ៊ានប្រឈមនឹងការបាត់បង់ជីវិតនយោបាយដើម្បីតស៊ូធ្វើកំណែទម្រង់ក្នុងរដ្ឋាភិបាលសង្គមនិយមដើម្បីបើកឱកាសដល់ពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាព និងទីផ្សារសេរី និងការលះបង់ទី៣ គឺការហ៊ានប្រឈមជាមួយខ្មែរក្រហមដោះដូរជាមួយសន្ដិភាពនាំប្រទេសនាំមកនូវស្ថេរភាពនិងការអភិវឌ្ឍន៍មកដល់បច្ចុប្បន្ន។ ហើយនេះជាការលះបង់ថ្មីមួយទៀតពីនាយករដ្ឋមន្ត្រីដែលមានអំណាចពេញដៃទៅកាន់មនុស្សជំនាន់ក្រោយដើម្បីបន្តវេន។
សម្ដេចថា៖ «យើងត្រូវហ៊ានលះបង់ ខ្ញុំព្រះករុណាខ្ញុំត្រូវតែលះបង់សាជាថ្មីម្ដងទៀតនៃអំណាច»៕