ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា លោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីថ្មី មិនមែនជាការផ្ទេរដំណែងដូចនឹងព្រះមហាក្សត្រដែលមានព្រះរាជសិទ្ធិតែងតាំងព្រះរាជទាយាទនោះទេ។
សន្ទុរកថាដែលចាក់ផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោបានថ្លែងថា៖«បើទោះបីលោក ហ៊ុន ម៉ាណែត មិនមែនជាកូនខ្ញុំ ក៏ខ្ញុំគាំទ្រ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដែរ»។
បើតាមសម្តេច លោក ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្ត្រីគឺត្រូវឆ្លងកាត់ចំនួន៤ដំណាក់កាលសំខាន់ៗ គឺទី១ មានការឯកភាពផ្ទៃក្នុងពីគណបក្សប្រជាជនកម្ពុជា ទី២ការឆ្លងកាត់ការបោះឆ្នោតជាប់ជាសមាជិករដ្ឋសភា ទី៣ ត្រូវបានទទួលការតែងតាំងពីព្រះមហាក្សត្រ និងទី៤ ត្រូវតែឆ្លងកាត់ការអនុម័តពីសភាជាតិ។
សម្តេចតេជោបានថ្លែងអរគុណដល់ប្រជាពលរដ្ឋដែលគាំទ្រសម្តេចជានាយករដ្ឋមន្ត្រីកម្ពុជាអស់រយៈពេលជាង៣៨ឆ្នាំកន្លងមកនេះ ជាពិសេសគាំទ្រលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងបទសម្ភាសជាមួយទូរទស្សន៍ចិនមុនថ្ងៃបោះឆ្នោតថា សម្តេចគាំទ្រឱ្យលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ពីព្រោះសម្តេចជឿជាក់ថា លោក ហ៊ុន ម៉ាណែតមានសមត្ថភាពខ្ពស់ដែលអាចបន្តដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកចម្រើនបន្ថែមទៀត៕