ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រាប់ជនមានពិការភាពឱ្យមានក្ដីសង្ឃឹមលើអនាគតនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ស្ថិតក្នុងសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ និងសិស្សនៅវិទ្យាល័យអប់រំពិសេសច្បារអំពៅ សរុបចំនួន ៣៥៧នាក់នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកទាំងពីរតែងតែគិតគូរពីសុខទុក្ខពលរដ្ឋទូទាំងប្រទេស ជាពិសេសសម្តេចទាំងទ្វេក៏មិនភ្លេចសុខទុក្ខរបស់សិស្សានុសិស្សពិការភ្នែក និងគថ្លង់នោះទេ ដោយចាត់ទុកពួកគេដូចជាកូននិងជាចៅ ដែលកន្លងមកសម្តេចទាំងពីរតែងតែមកសួរសុខទុក្ខដល់ចៅៗដោយផ្ទាល់នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីដោយទាំងធ្វើម្ហូបឆ្ងាញ់ជូនដល់ចៅៗពិសារ។


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា មិនមែនរាជរដ្ឋាភិបាលយកចិត្តទុក្ខដាក់ដល់សិស្សពិការភ្នែក និងគថ្លង់តែពេលឥឡូវៗនោះទេ ពោលនឹងបន្តយកចិត្តទុកដាក់ជារៀងរហូត។ ក្រៅពីរាជរដ្ឋាភិបាលក៏មានថ្នាក់ដឹកនាំផ្សេងៗជាច្រើនរូបទៀតក៏បានមកសួរសុខទុក្ខដល់ក្មេងៗគថ្លង់ និងពិការភ្នែកផងដែរ ដូចជា លោក ហ៊ុន ម៉ាណែត លោកស្រី ពេជ ច័ន្ទមុន្នី លោក ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីកម្ពុជាក៏បានឱ្យក្រសួងអប់រំ យុវជន និងកីឡា គ្រប់គ្រង និងមើលការយកចិត្តទុកដាក់ថែទាំទាំងស្មារតី សុខភាព និងការផ្គង់ផ្គង់សម្ភារសិក្សាដល់សិស្សគថ្លង់ និងពិការភ្នែក។


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា៖ «ទោះបីសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ឬឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគត ក៏នៅតែជាថ្នាក់ដឹកនាំគិតគូរសុខទុក្ខចៅៗជារៀងរហូត សូមចៅមានជំនឿ មានសេចក្តីសង្ឃឹម»។


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងការអបអរសាទរចំពោះជនមានពិការភាពដែលទទួលបានមេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធិ ៣គ្រឿងក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ កន្លងមក។ ជាមួយគ្នានេះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននំាយកថវិកាពីសប្បុរសជនសរុបចំនួន ២០លានរៀល និងថវិកា ១ពាន់ដុល្លារ និងអំណាយ ជាអង្ករចំនួន ៥០០គីឡូក្រាម មី ៣០កេស ទឹកក្រូច ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ ទឹកសុទ្ធ ៣០កេស ត្រីខ ៣០កេស និងផ្លែឈើ ៣០កេស។ ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនក៏បានឧបត្ថម្ភដល់សិស្សានុសិស្ស និងគ្រូៗក្នុងម្នាក់ចំនួន ៥ម៉ឺនរៀលផងដែរ។


នាយកវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី បានថ្លែងអរគុណដល់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានឆ្លៀតពេលមកសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ជាអំណោយដល់សិស្សានុសិស្សគថ្លង់ និងពិការភ្នែក និងបុគ្គលិកនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនាព្រឹកថ្ងៃនេះ។

លោកបាននិយាយថា អំណោយដ៏មានតម្លៃនេះនឹងជួយផ្តល់កម្លាំងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ជាពិសេសដល់សិស្សគថ្លង់ និងពិការភ្នែក មានកម្លាំងចិត្តតស៊ូព្យាយាមក្នុងការសិក្សាឱ្យទទួលបានលទ្ធផលល្អប្រសើរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក