ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

១ថ្ងៃបន្ទាប់ពីបោះឆ្នោតរួច ចិនប្រកាសថានឹងផ្ដល់ជំនួយបន្ថែមទៀតដល់កម្ពុជា

ភ្នំពេញ៖ អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន លោក ឈាន ហុងសាន បានបញ្ជាក់ថា ប្រទេសចិននឹងបន្តផ្ដល់ជំនួយអភិវឌ្ឍន៍បន្ថែមទៀតដល់ប្រទេសកម្ពុជាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ថែមទៀត។ ការប្រកាសនេះគឺតែ១ថ្ងៃប៉ុណ្ណោះបន្ទាប់ពីកម្ពុជាបានរៀបចំការបោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងការបរទេសបានលើកឡើងក្នុងចំណងជើងធំៗថា «កម្ពុជានិងចិន បន្តពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅក្នុងឱកាសខួបអនុស្សាវរីយ៍ការទូត» ដោយក្នុងនោះអនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន លោក ឈាន ហុងសាន និងគណៈប្រតិភូ បានមកជួបរដ្ឋមន្ត្រីការបរទេសកម្ពុជាដោយផ្ទាល់នៅទីស្ដីការក្រសួងការបរទេសកម្ពុជា។

ក្នុងជំនួបនោះលោក ឈាន ហុងសាន បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យនៃការរៀបចំការបោះឆ្នោត និងវឌ្ឍន-ភាពសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ដែលអាចមើលឃើញតាមរយៈជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកក៏បានបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់ចិន ចំពោះអធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា ព្រមទាំងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ ស្របនឹងលក្ខខណ្ឌជាតិពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា។

លោកបញ្ជាក់ថា៖ «ចិននឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ថែមទៀត»

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រតិភូចិន និងអ្នកអង្កេតការដែលមកពិនិត្យដំណើរការបោះឆ្នោតនៅកម្ពុជា និងការគាំទ្រ និងជំនួយអភិវឌ្ឍន៍របស់ចិនមកកាន់កម្ពុជាកន្លងមកផងដែរ។

ក្រសួងការបរទេសបានដកស្រង់សំដីរបស់លោក ប្រាក់ សុខុន ថា៖ «តួនាទីដ៏សំខាន់របស់ចិន ដែលឈានមុខគេក្នុងនាមជាម្ចាស់ជំនួយ ដៃគូពាណិជ្ជកម្ម អ្នកវិនិយោគ និងប្រភពនៃអ្នកទេសចរនៅកម្ពុជា ត្រូវបានទទួលស្គាល់»

ជាមួយគ្នានេះលោករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានស្វែងរកឱកាសដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចកម្ពុជា និងចិនក្នុងផ្នែកអភិបាលកិច្ច ការអប់រំ ការគាំទ្រសម្រាប់សហគ្រិន និងអ្នកដឹកនាំវ័យក្មេង ក៏ដូចជាការផ្លាស់ប្ដូរវប្បធម៌ផងដែរ។

ជាចុងក្រោយ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ខណៈរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយកម្រិតខ្ពស់ គុណភាពខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក