ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លទ្ធផលបណ្ដោះអាសន្ន៖ CPP ទទួលបានការគាំទ្រជាង ៨២ភាគរយនៃសំឡេងបោះឆ្នោតបានការ

ភ្នំពេញ៖ លទ្ធផលបណ្ដោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថាក្នុងចំណោមពលរដ្ឋដែលបានចេញទៅបោះឆ្នោតជាង ៨,២លាននាក់ មានពលរដ្ឋប្រមាណ ៦,៣លាននាក់បានបោះឆ្នោតគាំទ្រផ្ដល់ក្ដីទុកចិត្តឱ្យគណបក្សប្រជាជនកម្ពុជា។

យោងតាមលទ្ធផលបណ្ដោះអាសន្នបង្ហាញថាក្នុងចំណោមអ្នកទៅចូលរួមបោះឆ្នោត ៨ ២១៤ ២២៨នាក់មាន ៦ ៣៩៨ ១៩៣នាក់ បានបោះឆ្នោតគាំទ្របក្សប្រជាជនកម្ពុជា ខណៈបក្សដែលឈរលំដាប់ទី២ គឺគណបក្សហ៊្វុនស៊ិនប៉ិចទទួលបានការគាំទ្រ ៧១៦ ៤៤៣នាក់ដែលស្មើនឹង ៩,២២ភាគរយនៃចំនួនឆ្នោតសរុប។

តាមលទ្ធផលបណ្ដោះអាសន្ននេះក៏បង្ហាញផងដែរថាមានសន្លឹកឆ្នោតមិនបានការសរុបប្រមាណ ៤៤ម៉ឺនសន្លឹក។

គណបក្សកាន់អំណាចបច្ចុប្បន្នគឺគណបក្សប្រជាជនកម្ពុជាដែលសង្ឃឹមនឹងបន្តអំណាចបន្តតាមរយៈការបោះឆ្នោតគាំទ្រពីពលរដ្ឋត្រូវបានប៉ាន់ស្មានថានឹងគ្រប់គ្រងអាសនៈភាគច្រើនលើសលប់នៅក្នុងសភាដែលអាចកាន់បាន ១២០ លើ ១២៥អាសនៈ។

ក្រោយការបោះឆ្នោតនេះសហរដ្ឋអាមេរិកបានចេញសេចក្ដីថ្លែងការណ៍មួយវាយប្រហារលើការបោះឆ្នោតនៅកម្ពុជាថាមិនអាចធ្វើឱ្យពលរដ្ឋមានសំឡេង និងជម្រើសក្នុងការកំណត់អនាគតនៃប្រទេសរបស់គេ ដោយថាមុនការបោះឆ្នោតអាជ្ញាធរមានការគំរាមកំហែងដល់គណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល។ ជាមួយគ្នានេះសហរដ្ឋអាមេរិកនឹងធ្វើការរឹតត្បិតទៅលើទិដ្ឋាការសម្រាប់បុគ្គលមួយចំនួនដែលបានបំផ្លាញលិទ្ធិប្រជាធិបតេយ្យ ហើយនឹងធ្វើការផ្អាកលើកម្មវិធីជំនួយបរទេសមួយចំនួនផងដែរ។

ឆ្លើយតបនឹងការលើកឡើងរបស់អាមេរិកនេះអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក អាង សុខខឿន បានប្រាប់ EAC News ថាចំពោះករណីនេះក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ដែលមានន័យគ្រប់គ្រាន់ឆ្លើយតបរួចហើយ។

លោកបញ្ជាក់ថា៖ «ខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាគឺគ្រប់គ្រាន់ សម្រាប់ការឆ្លើយតបចំពោះការលើកឡើងរបស់ភាគីអាមេរិក»

សេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងការបរទេសកម្ពុជាបានលើកឡើងថា «ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ជាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា» ដោយបានកត់សម្គាល់ ៥ចំណុច រួមមានចំនួនអ្នកទៅបោះឆ្នោតខ្ពស់ ការប្រកាន់ខ្ជាប់នូវគុណរតម្លៃប្រជាធិបតេយ្យ អ្នកសង្កេតការមិនលំអៀង ការរពតាមច្បាប់ជាធរមាន ពហុបក្សនយោបាយប្រកបដោយគ្មានការរើសអើង។

ក្នុងសេចក្ដីថ្លែងការណ៍នោះបញ្ជាក់ថា៖ «សិទ្ធិអធិបតេយ្យនិងស្វ័យសម្រេចរបស់កម្ពុជា ត្រូវតែទទួលបានការគោរព ដោយតួអង្គខាងក្រៅទាំងអស់»

គួរឱ្យដឹងផងដែរថាការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានអ្នកបោះឆ្នោតជាង ៨,២លាននាក់ ដែលស្មើនឹង ៨៤,៥៨ភាគរយលើសពីការបោះឆ្នោតជាតិចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ២០០៣។ មានគណបក្ស២ ដែលរំពឹងថាកាន់កាប់អាសនៈនៅក្នុងសភាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានចិន Phoenix News មុនការបោះឆ្នោត សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជាមិនចាំបាច់ត្រូវការប្រទេសណាមកទទួលស្គាល់ការបោះឆ្នោតនោះទេ ដោយថាអ្វីដែលសំខាន់គឺការចូលរួមរបស់ប្រជាពលរដ្ឋ និងស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនគឺគ្រប់គ្រាន់ហើយ ។

សម្ដេចថា៖ «ព្រោះការបោះឆ្នោតក្នុងប្រទេសឯករាជ្យមួយ ប្រទេសដែលមានអធិបតេយ្យមួយ ត្រឹមតែប្រជាជនទទួលស្គាល់ចូលរួមបោះឆ្នោតវាជាការគ្រប់គ្រាន់ដើម្បីកំណត់ឈ្នះចាញ់។ ហើយខ្ញុំសង្ឃឹមថា៥ឆ្នាំទៅខាងមុខយើងនឹងមានកម្លាំងដ៏ល្អសម្រាប់ដំណើរការប្រជាធិបតេយ្យរបស់ប្រទេសតទៅទៀត»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក