ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ២៧ម៉ឺននាក់ ខណៈគោលដៅទេសចរណ៍សំខាន់ៗមាន ៧រាជធានី-ខេត្ត។
របាយការណ៍ពីក្រសួងទេសចរណ៍ចេញនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានដើរកម្សាន្តក្នុងរយៈពេល ៧ថ្ងៃជិតចុងខែកក្កដានេះមានចំនួន ២៦៩ ៣៥៦នាក់ ក្នុងនោះភ្ញៀវជាតិ ២២៩ ៥១៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៩ ៨៣៧នាក់។
ជាមួយគ្នានេះ គោលដៅទេសចរណ៍សំខាន់ៗទាំង៧ រួមមាន រាជធានីភ្នំពេញ ខេត្តកំពត ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខណៈខេត្តបាត់ដំបង មានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេរហូតដល់ ៣៧ ៤១០នាក់ ព្រមទាំងខេត្តព្រះសីហនុមានចំនួន ៣៥ ៨៤៩នាក់។
ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ចំនួនភ្ញៀវទេសចរខាងលើមានការថយចុះប្រមាណ ៩% ធៀបនឹងសប្តាហ៍កន្លងមក។ ការថយចុះខាងលើ ដោយសារប្រជាពលរដ្ឋទូទាំងប្រទេស បានធ្វើដំណើរទៅស្រុកកំណើតដើម្បីចូលរួមការបោះឆ្នោត ដោយពលរដ្ឋភាគច្រើនបានជួបជុំគ្នាហូបចុកនៅតាមមូលដ្ឋានស្រុកកំណើតបន្ទាប់ពីបោះឆ្នោតរួច។
ដោយឡែក សម្រាប់ប្រជាពលរដ្ឋភ្នំពេញមួយចំនួន បានធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍មួយចំនួនបន្ទាប់ពីបោះឆ្នោតរួច ពិសេសទៅកាន់ខេត្តព្រះសីហនុតាមផ្លូវល្បឿនលឿន។ ជាក់ស្តែង យោងតាមរបាយការណ៍ចរាចរណ៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានរថយន្តចំនួន ២០ ៤៩៤គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន៕