ភ្នំពេញ៖ ប្រទេសអូស្ត្រាលីបានប្រកាសថានឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦លានដុល្លារអូស្រា្តលី ស្មើនឹងជាង ៥៦,៦លានដុល្លារអាមេរិក ដល់កម្ពុជា។
ក្រសួងការបរទេសកម្ពុជាបានប្រកាសអំពីជំនួយរបស់ប្រទេសអូស្ត្រាលីដែលផ្តល់មកកម្ពុជានេះក្រោយពីទទួលបានលិខិតរួមរបស់រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី ផេននី វង និងរដ្ឋមន្ត្រីឧស្សាហកម្មសម្រាប់វិស័យការពារជាតិរបស់អូស្ដ្រាលី លោក ផាត ខន់រ៉យ ដែលផ្ញើមករដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
ក្រសួងការបរទេសកម្ពុជាបានសរសេរក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា៖ «ប្រទេសអូស្រ្តាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦លានដុល្លារអូស្រា្តលី ដល់កម្ពុជាក្នុងឆ្នាំ២០២៣-២០២៤ ដែលរួមមាន ៤៧,៩លានដុល្លារអូស្រា្តលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្តល់តាមរយៈកម្មវិធីសកល និងតំបន់។ ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន ៨០,៨លានដុល្លារអូស្រា្តលី ក្នុងឆ្នាំ២០២២-២០២៣»។
ក្រសួងការបរទេសបានគូសបញ្ជាក់ថា ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលី ដែលស្របតាមការខិតខំប្រឹងប្រែងរបស់កម្ពុជា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា តាមរយៈការបង្កើនការទទួលបាននិងបទដ្ឋាននៃសេវាសាធារណៈ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនា-សម្ព័ន្ធ ការជួយសម្រួលដល់កំណែទម្រង់ និងវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែកបង្កើតប្រព័ន្ធគាំពារសង្គម ដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ។
សម្រាប់ក្រសួង ជំនួយដែលរដ្ឋាភិបាលអូស្ត្រាលីផ្តល់ឱ្យកម្ពុជានេះ គឺអូស្ត្រាលីបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការគាំទ្រដល់មហិច្ឆតារបស់កម្ពុជា ហើយត្រៀមខ្លួនបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការងារអាទិភាពរួមគ្នានៃប្រទេសទាំងពីរ។
កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់អូស្ត្រាលីដល់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីរងផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដោយ។
ក្រសួងថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា៖«កាយវិការនេះគឺជាសក្ខីភាព ដ៏ច្បាស់លាស់មួយចំពោះភាពរឹងមាំនៃទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងអូស្ត្រាលី»៕



