ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញ្ញាតឱ្យយកកម្រៃសេវាសាធារណៈលើការបញ្ចូលថាមពលយានយន្តអគ្គិសនីជាបណ្ដោះអាសន្ន ដោយគិតតម្លៃ ១ ៦០០រៀល ក្នុង ១គីឡូវ៉ាត់ម៉ោង។
ការយកកម្រៃសេវាសាធារណៈលើការបញ្ចូលថាមពលយានយន្តអគ្គិសនី ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាក់លាក់ លើការធ្វើអាជីវកម្មស្ថានីយបញ្ចូលថាមពលអគ្គិសនីរវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ឱ្យមាន គណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តភាព។
ក្រសួងសាធារណការបានសរសេរនៅក្នុងសេចក្តីជូនដំណឹងថា៖ «ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ រាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតក្រោមការ គ្រប់គ្រង និងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវគិតតម្លៃ ១ ៦០០រៀល (មួយពាន់ ប្រាំមួយរយរៀល) ក្នុង ១គីឡូវ៉ាត់ម៉ោង»។
រដ្ឋមន្ត្រីក្រសួងសាធារណការ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងកន្លងមកថា នៅកម្ពុជាមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីជិត ៨០០គ្រឿងដោយគិតត្រឹមខែមករា ឆ្នាំ២០២៣ និងមានស្ថានីយ៍បញ្ចូលថាមពលអគ្គិសនីចំនួន ១៣កន្លែង ក្នុងនោះ ៤កន្លែងនៅក្រសួងសាធារណការ ១នៅខេត្តបាត់ដំបង ១នៅខេត្តសៀមរាប ១នៅខេត្តព្រះសីហនុ ១នៅខាងព្រៃស ១នៅខេត្តមណ្ឌលគិរី ១នៅអ៊ីអនសែនសុខ និង៣កន្លែងទៀតរបស់ក្រុមហ៊ុន PTT។
លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលខិតខំយ៉ាងណាជំរុញឱ្យមានការប្រើប្រាស់រថយន្តប្រើប្រាស់ដោយអគ្គិសនី ម៉ូតូរហូតដល់ ៧០ភាគរយនៅឆ្នាំ២០៥០ ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដោយ CO2។ លោកថាទន្ទឹមនឹងការជំរុញនេះ រាជរដ្ឋាភិបាលក៏បាន និងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងពង្រីក និងពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅកម្ពុជា៕