ព្រះសីហនុ៖ ពលរដ្ឋដែលបានបោះឆ្នោតរួចចំនួនជាង៤ម៉ឺននាក់ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានសម្រុកទៅកម្សាន្តលេងនៅខេត្តព្រះសីហនុ ដោយភាគច្រើនជាភ្ញៀវទេសចរជាតិ ដែលធ្វើឱ្យសណ្ឋាគារធំតូចស្ទើរតែកក់ពេញទាំងអស់។
អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ភ្ញាក់ផ្អើលនៅពេលដែលបានឃើញពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗ បានបោះឆ្នោតហើយ សម្រុកមកលេងទាំងខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុងដោយជិះតាមផ្លូវល្បឿនលឿន។
លោកបានបន្ថែមថា កាលអំឡុងខេត្តព្រះសីហនុមានខ្យល់រលកបក់បោកខ្លាំង២សប្តាហ៍កន្លងទៅ ធ្វើឱ្យចំនួនភ្ញៀវទេសចរថយចុះ តែទើបតែថ្ងៃបោះឆ្នោតទេដែលភ្ញៀវទេសចរសម្រុកមកលេងខេត្តព្រះសីហនុ។
លោកថ្លែងថា៖«មួយសប្តាហ៍កន្លងមកមិនឃើញមានភ្ញៀវទេសចរច្រើនពេកទេ ម្សិលមិញពេលដែលបោះឆ្នោតហើយហ្នឹង គឺយើងឃើញតួលេខភ្ញៀវទេសចរដែលអញ្ជើញមកលេងក្រោយការបោះឆ្នោត គឺមានចន្លោះពី៣ម៉ឺននាក់ទៅ៤ម៉ឺននាក់»។
បើតាមលោកអភិបាលរងខេត្តព្រះសីហនុ ភ្ញៀវទេសចរច្រើនលើសលុបដែលអញ្ជើញមកកម្សាន្តលេងនៅខេត្តព្រះសីហនុ ដោយសារពួកគាត់មានពេលឈប់សម្រាកដល់ទៅ៣ថ្ងៃ ដោយពួកគាត់មកកម្សាន្តលេងនៅថ្ងៃអាទិត្យ ហើយត្រឡប់ទៅវិញនៅថ្ងៃចន្ទ ហើយចូលធ្វើការនៅថ្ងៃអង្គារិ៍។
តែយ៉ាងណា កំណើនភ្ញៀវទេសចរច្រើនបែបនេះ បង្កឱ្យមានសំរាមច្រើននៅតាមឆ្នេរ ខណៈកម្មករបោសសំអាតសំរាមឈប់សម្រាកផងដែរ។ ប៉ុន្តែលោកកោតសរសើរដល់ពលរដ្ឋមួយចំនួនដែលទុកដាក់សំរាមបានត្រឹមត្រូវ។
ពលរដ្ឋម្នាក់បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលនាំកូនចៅមកមើលការអភិវឌ្ឍទីក្រុងព្រះសីហនុមានភាពខុសប្លែកពីមុន។ គាត់បាននិយាយដូច្នេះថា៖«ក្រោយបោះឆ្នោតហើយ អ៊ំមានអារម្មណ៍សប្បាយចិត្ត អត់មានការភិតភ័យអីទេ»៕