ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

វេទិកាសម្ព័ន្ធសង្គមស៊ីវិលវាយតម្លៃការរៀបចំការបោះឆ្នោតដោយគ.ជ.ប ប្រកបទៅដោយតម្លាភាព

ភ្នំពេញ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានចេញសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយកត់សម្គាល់ថា អត្រាអ្នកបានទៅបោះឆ្នោតដល់ទៅ ៨៤,៥៨ភាគរយ បានឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋដ៏ច្រើនលើសលប់ក្នុងការជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត និងការវាយតម្លៃជាវិជ្ជមានរបស់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ គឺជាសក្ខីកម្មបង្ហាញពីធម្មមានរូបនៃការរៀបចំការបោះឆ្នោតនៅកម្ពុជា។

វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានគូសបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិក៏បានវាយតម្លៃចំពោះគ.ជ.ប ដែលបានរៀបចំការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សា និងដោយសន្តិវិធី។ វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានវាយតម្លៃថា គ.ជ.ប. បានអនុវត្តតួនាទីនិងភារកិច្ចក្នុងការគ្រប់គ្រងដំណើរការរៀបចំការបោះឆ្នោតប្រកបដោយការទទួលខុសត្រូវខ្ពស់ ត្រឹមត្រូវ តម្លាភាព ព្រមទាំងមានវិជ្ជាជីវៈ ប្រសិទ្ធភាព និងនវានុវត្តភាព ដើម្បីធានាបាននូវឯករាជ្យភាព អធិបតេយ្យភាព និងមិនប្រកាន់នូវនិន្នាការនយោបាយ។

វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានលើកឡើងថា៖ «លទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់រាជរដ្ឋាភិបាលថ្មីបន្តដឹកនាំប្រទេសតាមមាគ៌ាដ៏ត្រឹមត្រូវដើម្បីថែរក្សាសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន»។

ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. លោក កឹមរ័ត្ន វិសិដ្ឋ ក្នុងនាមជាអ្នកសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ បានសង្ខេបអំពីខ្លឹមសារនៃមតិសន្និដ្ឋានរបស់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិថា “តាមការលើកឡើងរបស់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ សុទ្ធតែបានលើកឡើងនិងអះអាងថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យ រលូន គ្មានអំពើហិង្សា និងដោយសន្តិវិធី។

លោកបន្ថែមថា អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះប្រជាជនកម្ពុជា ជាពិសេស គ.ជ.ប. បានរៀបចំដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅដោយជោគជ័យ រលូន និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យពោលគឺប្រកបដោយសន្តិវិធី ត្រឹមត្រូវ មានតម្លាភាព មិនមានការបំភិតបំភ័យ និងគ្មានការប្រកាន់និន្នាការនយោបាយ។

លោកថ្លែងថា៖ «សេចក្តីអះអាងទាំងឡាយនោះសបញ្ជាក់ថា កម្ពុជាមានភាពចាស់ទុំនិងភាពម្ចាស់ការក្នុងការរៀបចំដំណើរការនៃការបោះឆ្នោតរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈខ្ពស់»

អ្នកសង្កេតការណ៍មកពីបណ្តាញអង្គការមិនមែនរដ្ឋាភិបាលចិនសម្រាប់សហប្រតិបត្តិការអន្តរជាតិ (CNIE) បានសន្និដ្ឋានដែរថា “ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានដំណើរការទៅដោយសន្តិវិធី សេរី ត្រឹមត្រូវ មានតម្លាភាព ស្របតាមស្តង់ដារអន្តរជាតិ រួមមានភាពត្រឹមត្រូវ សន្តិវិធី តម្លាភាព និងបរិយាប័ន្ន»។

ទន្ទឹមនឹងនេះ អ្នកសង្កេតការណ៍មកពីសភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៊ី ក៏បានលើកឡើងថា «នៅថ្ងៃបោះឆ្នោត ពុំឃើញមានអំពើហិង្សា ឬបណ្ដឹងតវ៉ាពីអ្នកបោះឆ្នោត បេក្ខជនគណបក្សនយោបាយ ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ ឬអ្នកសារព័ត៌មានណាមួយឡើយ ហើយក៏មិនមានឃើញកើតមានសកម្មភាពបង្ខិតបង្ខំ គំរាមកំហែង ឬទិញសន្លឹកឆ្នោតឡើយ»

ជាមួយគ្នានេះក្រុមប្រឹក្សាយុវជនអាស៊ី បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់និងមានសណ្តាប់ធ្នាប់។

អ្នកសង្កេតការណ៍អន្តរជាតិបានសង្កេតឃើញថា គ.ជ.ប. បានអនុវត្តតួនាទីរបស់ខ្លួនក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ប្រកបដោយវិជ្ជាជីវៈនិងមានប្រសិទ្ធភាពខ្ពស់តាមរយៈការប្រើប្រាស់នូវនីតិវិធីថ្មីៗ ដូចជាសន្លឹកឆ្នោតសម្រាប់ជនពិការភ្នែក និងការសម្រួលនីតិវិធីសម្រាប់អ្នកបោះឆ្នោតជាស្ត្រី មានផ្ទៃពោះ ចាស់ជរា និងជនមានពិការភាព»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក