
សម្តេច ស ខេង អរគុណមន្រ្តីគ្រប់លំដាប់ថ្នាក់ដែលយកចិត្តទុកដាក់ក្នុងដំណើរការរៀបចំការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការបោះឆ្នោត ដែលបានខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ញ៉ាំងឱ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានប្រព្រឹត្តទៅដោយរលូន។
យោងតាមសារលិខិតសរសើររបស់សម្តេចក្រឡាហោម ស ខេង ផ្ញើជូនថ្នាក់ដឹកនាំ សមាជិក និងអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកម្លាំងអនុវត្តច្បាប់ គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ថាសម្តេចអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ញ៉ាំងឱ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ។
សម្តេចបានបញ្ចាក់ថា ជោគជ័យប្រកបដោយអត្ថន័យនេះ បាននាំមកនូវមោទនភាព និងកិត្យានុភាពថ្មី ជូនជាតិមាតុភូមិ ជាពិសេសបានបង្កើតនូវប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា នៅក្នុងដំណើរការ រៀបចំព្រឹត្តិការណ៍ជាតិរបស់ខ្លួន ដែលពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ បានឆ្លុះបញ្ចាំងកាន់ តែច្បាស់ពីភាពចាស់ទុំ និងបទពិសោធន៍ ប្រកបដោយភាពជាម្ចាស់របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់។
បន្ថែមពីនេះ លទ្ធផលដែលសម្រេចនេះមិនត្រឹមតែជាជោគជ័យថ្មីមួយទៀតក្នុងវិស័យសន្តិសុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជោគជ័យនេះ បានរួមចំណែក យ៉ាងសំខាន់ដែលមិនអាចខ្វះបាន ក្នុងក្របខណ្ឌនៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា។
សារលិខិតក៏បានបញ្ជាក់ទៀតថា បរិយាកាសប្រកបដោយភាពអំណោយផល និងមានតម្លៃនេះ បានបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ បានទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករប្រមាណ ៨៤.៥៨% ក្នុងចំណោមអ្នកដែលបានចុះឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស។
សម្តេចក្រឡាហោមបានឱ្យដឹងថា៖«ប្រជាជនយើងគ្រប់ច្រកល្ហក បានអនុវត្ត យ៉ាងពេញលេញនូវសិទ្ធិស្វ័យសម្រេចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋល្អ ស្របតាមគោលការណ៍ នៃលទ្ធិប្រជា ធិបតេយ្យសេរី ពហុបក្ស ដូចមានចែង និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»៕