ភ្នំពេញ៖ មន្ត្រីគ.ជ.ប រាប់សន្លឹកឆ្នោតមិនបានការបានចំនួន៤៤ម៉ឺនសន្លឹក ក្នុងចំណោមសន្លឹកឆ្នោតសរុបចំនួនជាង៨លាន២សែនសន្លឹក ខណៈសន្លឹកឆ្នោតមិនបានការនោះមិនបានបំផ្លាញដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឡើយ។ លទ្ធផលបោះឆ្នោតបឋមចាប់ផ្តើមប្រកាសតាំងពីល្ងាចថ្ងៃបោះឆ្នោតរហូតមកពេលនេះ ដោយគណបក្សប្រជាជនកម្ពុជាកំពុងតែនាំមុខគេដែលអាចយកឈ្នះ១២០កៅអីក្នុងចំណោមកៅអីរដ្ឋសភាចំនួន១២៥កៅអី។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់EAC ថា សន្លឹកឆ្នោតមិនបានការមានចំនួន៤៤ម៉ឺនសន្លឹក ស្មើនឹង៥ភាគរយនៃសន្លឹកឆ្នោតសរុប។ លោកបន្ថែមថាចំនួនសន្លឹកឆ្នោតមិនបានការសម្រាប់ការបោះឆ្នោតឆ្នាំនេះ មានចំនួនតិចជាង បើធៀបនឹងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៨ មានដល់ទៅជិត៦០ម៉ឺនសន្លឹក។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយពីបញ្ចប់ការបោះឆ្នោតរួចថា សន្លឹកឆ្នោតមិនបានការ មិនប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតឡើយ។
បើតាមលោក ទេព នីថា អំឡុងរាប់សន្លឹកឆ្នោតនេះ មិនមានពាក្យបណ្តឹងតវ៉ាបែបធំដុំនោះទេ។ លោកបញ្ជាក់ថា ដំណើរការបោះឆ្នោតឆ្នាំនេះជួបឧបសគ្គតិចតួច ដូចជាមានបញ្ហាភ្លៀងធ្លាក់បង្កឱ្យមានការផ្លាស់ប្តូរការិយាល័យរាប់សន្លឹកឆ្នោតមួយកន្លែងនៅក្នុងខេត្តព្រៃវែង។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ក៏បានបញ្ជាក់បន្ថែមថា ក្នុងអំឡុងការបោះឆ្នោត អាជ្ញាធរបានឃាត់ខ្លួនបុរស២នាក់ ដែលបង្កភាពមិនប្រក្រតីក្នុងការិយាល័យបោះឆ្នោត ដោយករណីទី១កើតឡើងនៅការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សាវត្តមហាមន្ត្រី ដោយបុរសនោះមិនព្រមយកសន្លឹកឆ្នោតដែលគូសហើយដាក់ក្នុងហិបឆ្នោត ដោយដាក់ក្នុងហៅប៉ាវ ហើយទម្លាក់សន្លឹកឆ្នោតនោះទៅលើដី ទើបត្រូវបានសមត្ថកិច្ចបញ្ជូនទៅសួរនាំនៅប៉ុស្តិ៍នគរបាល។
ចំពោះករណីមួយទៀត មានបុរសម្នាក់ទៅបោះឆ្នោតនៅមណ្ឌលក្នុងខណ្ឌស្ទឹងមានជ័យ បានចូលក្នុងបន្ទប់សម្ងាត់ ហើយគូសខ្វែងចោលលើសន្លឹកឆ្នោតទាំងមូល ហើយយកទូរសព្ទថតទុក ហើយមកជ្រលក់ទឹកថ្នាំជាធម្មតា ប៉ុន្តែដោយឃើញថាមានការសង្ស័យ ប្រធានការិយាល័យក៏បានសាកសួរ រួចហើយបុរសនោះព្យាយាមលុបរូបដែលខ្លួនបានថត ប៉ុន្តែលុបមិនអស់។
ដោយមានករណីមួយទៀតនៅខេត្តត្បូងឃ្មុំ គឺមានយុវជនម្នាក់បានបោះឆ្នោតហើយ តែមិនព្រមជ្រលក់ដៃ ហើយសមត្ថកិច្ចបាននាំខ្លួនទៅពិនិត្យទឹកនោម ក៏រកឃើញថាមានវិជ្ជមានសារធាតុញៀនក្នុងខ្លួន។ ដូច្នេះសមត្ថកិច្ចបានស្នើសុំទៅអាណាព្យាបាលដើម្បីបញ្ជូនទៅមណ្ឌលកែប្រែស្តារនីតិសម្បទាខេត្តក្រចេះដើម្បីព្យាបាល និងបន្សាបគ្រឿងញៀន។
លទ្ធផលនៃចំនួនអ្នកទៅបោះឆ្នោតដែលបានប្រកាសជាច្រើនលើក គឺដោយសារតែបញ្ហាអាកាសធាតុធ្វើឱ្យមានការរអាក់រអួលប្រព័ន្ធអ៊ីនធឺណែតក្នុងការផ្តល់តួលេខតាមមណ្ឌលបោះឆ្នោតនីមួយៗ។
លោក ទេព នីថា បញ្ជាក់ថា គ.ជ.ប ចំណាយថវិកាខ្ទង់៥០លានដុល្លារសម្រាប់រៀបចំការបោះឆ្នោតនីតិកាលទី៧ឆ្នាំ២០២៣ ដែលថវិកាពាក់កណ្តាលគឺចំណាយលើសម្ភារប្រើប្រាស់ និងថវិកាជិតពាក់កណ្តាលទៀតគឺចំណាយលើប្រាក់កម្រៃរបស់មន្ត្រីបោះឆ្នោតជាង១៥ម៉ឺននាក់ ក្នុងនោះមានមន្ត្រីការិយាល័យបោះឆ្នោតដែលធ្វើការរយៈពេលខ្លីមានជាង១៤ម៉ឺននាក់ និងមានមន្ត្រីថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្តជាង១ម៉ឺននាក់ដែលបំពេញបេសកកម្មរយៈពេលយ៉ាងយូររហូតដល់ពី៣ទៅ៨ខែ។
ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា លទ្ធផលបោះឆ្នោតផ្លូវការនឹងប្រកាសនៅចន្លោះថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ តាមករណីគ្មាន ឬមានពាក្យបណ្តឹង និងករណីគ្មានការបោះឆ្នោតសាជាថ្មី។ ខណៈផ្អែកតាមលទ្ធផលបឋម គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានសំឡេងនាំមុខច្រើនជាងគេ ដោយគិតមកពេលនេះគណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ ខណៈគណបក្សហ្វ៊ុនស៊ីនប៉ិចទទួលបាន៥អាសនៈ៕