ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ.ជ.ប រីករាយដែលពលរដ្ឋជាច្រើនចេញទៅបោះឆ្នោត

ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ទេព នីថា បានថ្លែងដោយសប្បាយចិត្តពីចំនួនពលរដ្ឋដែលចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ ដោយបានបង្ហាញពីការយល់ដឹងពីលទ្ធិប្រជាធិបតេយ្យរបស់ពលរដ្ឋកម្ពុជាឆ្លើយតបនឹងយុទ្ធនាការប្រឆាំងការបោះឆ្នោតដែលធ្វើឡើងដោយក្រុមប្រឆាំង។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជាបានបិទបញ្ចប់ការបោះឆ្នោត លោក ទេព នីថា បានថ្លែងថា ទោះបីជាមានយុទ្ធនាការប្រឆាំងការបោះឆ្នោតដោយមនុស្សមួយចំនួនក្ដីតែការប៉ុនប៉ងនេះមិនបានសម្រេចនោះទេ។

លោកថា៖ «យើងអាចឃើញថាមានចលនាដែលហាមប្រជាពលរដ្ឋមិនឱ្យមកបោះឆ្នោតមានចលនាដែលឱ្យគូសបំផ្លាញសន្លឹកឆ្នោតតែជាទូទៅយើងឃើញពលរដ្ឋមកបោះឆ្នោតយ៉ាងច្រើនកុះករដោយឃើញមានអត្រាខ្ពស់»។

តួលេខបណ្ដោះអាសន្ននៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបានបង្ហាញថាមានអ្នកទៅចូលរួមបោះឆ្នោតចំនួន ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤,៥៨% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៩ ៧១០ ៦៥៥នាក់។

ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានថ្លែងថា បើទោះបីការបោះឆ្នោតជួបនូវឧបសគ្គបន្តិចបន្តួចដូចជាបញ្ហាភ្លៀងធ្លាក់ ទីតាំងការិយាល័យមួយចំនួនត្រូវផ្លាស់ប្ដូរ និងការធ្វើវិធសនារបស់ក្រុមមួយចំនួនដល់ការបោះឆ្នោតក្ដី តែការបោះឆ្នោតឆ្នាំនេះប្រព្រឹត្តិទៅដោយរលូន មានសុវត្ថិភាព សណ្ឋាប់ធ្នាប់ គ្មានអំពើហិង្សា និងការគំរាមកំហែងនោះទេ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជានីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ដោយមានគណបក្សចូលរួមប្រកួតប្រជែងចំនួន ១៨គណបក្ស។ បើតាម គ.ជ.ប ក្នុងដំណើរការរាប់សន្លឹកឆ្នោតឃើញថាគណបក្សប្រជាជនកំពុងនាំមុខគេ។

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២៣ ខែកក្កដា បានចាត់ទុកចំនួនអត្រាអ្នកចូលរួមបោះឆ្នោតជាង ៨០ភាគរយ ក្នុងការបោះឆ្នោតនៅអាណត្តិទី៧នេះ បង្ហាញពីប្រជាពលរដ្ឋស្រឡាញ់សុខសន្តិភាព និងការអភិវឌ្ឍ ហើយផ្តើមដកខ្លួនចេញពីក្រុមគណបក្សដែលជាប់ព័ន្ធជាមួយក្រុមគណបក្សប្រឆាំងដែលមានលោក សម រង្ស៊ី នៅពីក្រោយខ្នង។

សម្ដេចថា៖ «ឥលូវប្រៀបធៀបចំនួនប្រជាជនចេញទៅបោះឆ្នោតគឺមានចំនួនច្រើនលើសលប់ជាងការបោះឆ្នោតដែលមានភ្លើងទៀនចូលរួមទៀតផង។ ឥឡូវយើងរង់ចាំមើលថាតើមានសន្លឹកឆ្នោតដែលគូសខ្វែងប៉ុន្មានសន្លឹកព្រោះមេដឹកនាំក្រុមជ្រុលនិយមបាននិយាយយ៉ាងច្បាស់ថាសន្លឹកឆ្នោតណាដែលគូសខ្វែងគឺជាសន្លឹកឆ្នោតដែលគាំទ្រពួកគេដូច្នេះតើនឹងមានសន្លឹកឆ្នោតគូសខ្វែងប៉ុន្មានសន្លឹក ឯសន្លឹកដែលគូសខុសគឺមានជាធម្មតាដែលមានប្រមាណជា២ភាគរយប៉ុណ្ណោះ»។

រហូតមកដល់ពេលនេះ គ.ជ.ប នៅមិនទាន់អាចបញ្ជាក់បានទេថាចំនួនសន្លឹកឆ្នោតដែលគ្មានបានការមានប៉ុន្មានសន្លឹកនៅឡើយទេ ខណៈដែលការរាប់សន្លឹកឆ្នោតកំពុងដំណើរការ ខណៈអគ្គលេខាធិការ គ.ជ.ប បញ្ជាក់ថាសន្លឹកឆ្នោតមិនបានការ មិនប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជាឡើយ។

គួរឱ្យដឹងផងដែរថាផ្អែកតាមប្រតិទិននៃការបោះឆ្នោត លទ្ធផលផ្លូវការនៃការបោះឆ្នោតនឹងត្រូវប្រកាសផ្សាយនៅចន្លោះថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ (តាមករណីគ្មាន ឬមានពាក្យបណ្ដឹង និងករណីគ្មានការបោះសាជាថ្មី)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក