ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជាដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដោយរលូន

ភ្នំពេញ៖ កម្ពុជាបានរៀបចំការបោះឆ្នោតសកលសម្រាប់ជ្រើសតាំងតំណាងរាស្រ្ត ដែលនឹងបង្កើតរាជរដ្ឋាភិបាលសម្រាបនីតិកាលថ្មីដើម្បីដឹកនាំប្រទេសរយៈពេល៥ឆ្នាំតទៅមុខទៀត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដានេះ ដោយគ្រប់ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧:០០ព្រឹក សម្រាប់បម្រើឱ្យការបោះឆ្នោត។

នាយកដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងស្ត្រីទី១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារបានអញ្ជើញទៅបោះឆ្នោតនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។ ទន្ទឹមនេះ ឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលគ្រប់រូបក៏បានអញ្ជើញទៅចូលរួមបោះឆ្នោតផងដែរនៅតាមបណ្តាការិយាល័យរៀងៗខ្លួន។ ប្រធានព្រឹទ្ធសភាសម្តេចវិបុលសេនាភក្តី សាយ ឈុំ បោះឆ្នោតនៅមណ្ឌលវត្តកោះ រាជធានីភ្នំពេញ ប្រធានរដ្ឋសភាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បោះឆ្នោតនៅស្រុកពញាក្រែកខេត្តត្បូងឃ្មុំ សម្តេចក្រឡាហោម ស ខេង បោះឆ្នោតនៅខេត្តបាត់ដំបង សម្តេចពិជ័យសេនា ទៀ បាញ់ បោះឆ្នោតនៅវិទ្យាល័យឥទ្ទ្រទេវី រាជធានីភ្នំពេញ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បោះឆ្នោះនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយឡែក បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនលោក ហ៊ុន ម៉ាណែត និងភរិយាលោកស្រី ពេជ្រ ច័ន្ទមុន្នី បោះឆ្នោតនៅ សាលាបឋមសិក្សាទួលគោក រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដ៏ច្រើនកុះករបានទៅចូលរួមបោះឆ្នោតទាំងនៅតាមបណ្តារាជធានី-ខេត្តផ្សេងៗ ខណៈនៅរាជធានីភ្នំពេញមានភាពមមាញឹកតាំងពីព្រឹកព្រលឹម នៅតាមមណ្ឌលបោះឆ្នោតនីមួយៗ ក៏ដូចជាតាមដងផ្លូវផងដែរ។

វ័យ ៧២ឆ្នាំ លោក សាយ សារ៉េត ធ្លាប់បានចូលរួមបោះឆ្នោតតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ រហូតដល់អាណត្តិទី៧នេះ លោកបានបង្ហាញក្តីសប្បាយរីករាយដែលបានចូលរួមបោះឆ្នោតជ្រើសរើសគណបក្សដែលគាត់ស្រលាញ់ដើម្បីដឹកនាំប្រទេសបានដោយសន្តិភាពនិងមានការអភិវឌ្ឍន៍។

លោកថា៖ «ពេលមកបោះឆ្នោតខ្ញុំមានអារម្មណ៍សប្បាយ ដោយខ្ញុំបានរើសអ្នកដឹកនាំដែលត្រឹមត្រូវដើម្បីរកសន្តិភាព ធ្វើការអភិវឌ្ឍន៍ [….] ឆន្ទះរបស់ខ្ញុំគឺដើម្បីជួយប្រទេសជាតិឱ្យបានរីកចម្រើន ហើយបោះឆ្នោតឱ្យអ្នកដឹកនាំគឺដូចបោះឆ្នោតឱ្យខ្លួនឯងអញ្ចឹង ដើម្បីឱ្យខ្លួនឯងសុខសប្បាយ»។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី លុច រីណា ក៏បានបញ្ចាក់ថាអ្នកស្រីសប្បាយរីករាយដែលទទួលបានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ហើយខ្លួនផ្ទាល់ក៏បានបំពេញកាតព្វកិច្ចជាពលរដ្ឋ ដោយថា៖«ខ្ញុំសប្បាយរីករាយ ដោយសារបានបំពេញតួនាទីជាពលរដ្ឋ»។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមណ្ឌលខេត្តកណ្តាល លោក ផាន់ ឬទ្ធីពល បានឱ្យដឹងថា ដំណើរការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតខេត្តកណ្តាលគឺប្រព្រឹត្តទៅដោយរលូនគ្មានបញ្ហាអ្វីកើតឡើងនោះទេ ហើយប្រជាពលរដ្ឋក៏បានមកចូលរួមបោះឆ្នោតច្រើនកុះករផងដែរ។

លោកថា៖ «គិតមកដល់ត្រឹមម៉ោងនេះ ដំណើរការនៃការបោះឆ្នោតសម្រាប់មណ្ឌលបោះឆ្នោតខេត្តកណ្តាលគឺប្រព្រឹត្តទៅដោយរលូន មានប្រជាពលរដ្ឋអញ្ជើញមកបោះឆ្នោតយ៉ាងច្រើនកុះករ។ សម្រាប់បញ្ហាសន្តិសុខសណ្តាប់ថ្នាប់ប្រព្រឹត្តទៅដោយរលូនគ្មានបញ្ហាអ្វីគួរកត់សម្គាល់ឡើយ»។

លោក ឬទ្ធីពល បានគូសបញ្ជាក់ថាដំណើរការបោះឆ្នោតបានប្រព្រឹត្តិទៅដោយមានការចូលរួមពីអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ តំណាងគណបក្សនយោបាយ ដើម្បីតាមដាន ពិនិត្យ សង្កេតមើល ក្នុងនោះមានការតាំងបង្ហាញសន្លឹកឆ្នោត ហិបឆ្នោត ដំណើរការផ្សេងទៀត ព្រមទាំងអ្នកសារព័ត៌មានដើម្បីផ្តិតយកទិដ្ឋភាពនេះផងដែរ។

ក្រៅតែពីមន្រ្តីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ និងតំណាងគណបក្សនយោបាយ ក៏មានការចូលរួមនិងពិនិត្យតាមដានពីអ្នកសង្កេតការណ៍ អង្គការអន្តរជាតិជាច្រើន ដើម្បីសង្កេតមើលអំពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

មុនមួយថ្ងៃនៃដំណើរការបោះឆ្នោត គឺនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំកិច្ចប្រជុំផ្តល់ព័ត៌មានស្តីពីដំណើរការនៃនិងនីតិវិធីនៃរៀបចំការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣ ដល់អ្នកសង្កេតការណ៍ អង្គការអន្តរជាតិ។

ប្រធានអន្តរជាតិនៃសហព័ន្ធសន្តិភាពសកលលោក Michael Jenkins បានប្រាប់ EAC News ថា បទបង្ហាញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានលក្ខណៈល្អប្រសើរ បានលម្អិតអំពីដំណើរការបោះឆ្នោត ដែលត្រូវបានបង្កើតឡើង ដោយលោកចាត់ទុកថានេះគឺជាលទ្ធិប្រជាធិបតេយ្យថ្មីមួយទៀតនៅកម្ពុជា ដែលកំពុងតែរីកចម្រើននិងមានការអភិវឌ្ឍន៍។

លោកថា៖«ខ្ញុំអាចមើលឃើញខ្លឹមសារជាច្រើននៅក្នុងរបៀបដែលពួកគេរៀបចំផែនការ និងយកចិត្តទុកដាក់ចំពោះពួកគេ ដើម្បីធានាឱ្យមានសេរីភាព និងការបោះឆ្នោតដោយសេរី និងបើកចំហ។ ខ្ញុំក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងទាំងមូលដើម្បីធ្វើឱ្យប្រាកដថាការដឹកនាំរបស់ប្រទេសនេះពិតជាបានមកពីប្រជាជន»។

ទន្ទឹមនឹងដំណើរការយ៉ាងរលូននៃការបោះឆ្នោត ឆ្នាំ២០២៣ នេះក្រសួងមហាផ្ទៃបានស្រាវជា្រវរកឃើញសកម្មជនក្រមប្រឆាំងចំនួន៣៧រូបក្នុងឆាលណែលតេឡេក្រាម «Sbai សប្បាយ» ដែលជាសម្ព័ន្ធមិត្តនឹងលោកទណ្ឌិត សម រង្ស៊ី បានធ្វើសកម្មភាពបង្ហាញពីចេតនាគូសសន្លឹកឆ្នោតចោល និងខ្លះទៀតញុះញង់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ប្រាប់ EAC News តាមទូរសព្ទនារសៀលថ្ងៃទី២៣ ខែកក្កដា ថា សមត្ថកិច្ចបានស្រាវជ្រាវរកឃើញ Group ឆាណែលតេឡេក្រាមឈ្មោះ «Sbai សប្បាយ» ដែលទើបបង្កើតឡើងដោយលោកទណ្ឌិត សម រង្ស៊ី ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយពលរដ្ឋក្នុងចេតនាញុះញង់ឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។

យ៉ាងណាមិញ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅទូទាំងប្រទេស បានបិទបញ្ចប់នៅត្រឹមម៉ោង៣រសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅថ្ងៃនេះក្នុងការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នៅក្នុងគ.ជ.ប កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ សរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ថា នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថាដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក