
ប្រជាពលរដ្ឋសម្រុកទៅបោះឆ្នោតដល់ជាង ៨,១លាននាក់ កើនឡើងជាង ១លាននាក់បើធៀបនឹងការបោះឆ្នោតសកលឆ្នាំ២០១៨
ភ្នំពេញ៖ តួលេខបណ្តោះអាសន្ននៃចំនួនប្រជាពលរដ្ឋប្រមាណជាង ៨ ១៧៧ ០៥៣នាក់ ស្មើនឹង៨៤,២១ភាគរយបានចេញទៅបោះឆ្នោតដើម្បីជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់គណៈកម្មាធិការៀបចំការបោះឆ្នោតនៅរសៀលម៉ោង៥ ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
ចំនួនប្រជាពលរដ្ឋបណ្តោះអាសន្នដែលបានចេញទៅបោះឆ្នោតនៅថ្ងៃនេះ គឺមានការកើនឡើងរហូតដល់ប្រមាណ ១ ២២០ ១៥៣នាក់ បើធៀបនឹងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីឆ្នាំ២០១៨កន្លងមក។ ដោយឡែក ប្រសិនបើធ្វើការប្រៀបធៀបនឹងចំនួនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីឆ្នាំ២០២២ ចំនួននេះក៏មានការកើនឡើងផងដែរ ពោលគឺកើនប្រមាណ ៧៨៣ ១២៦នាក់ ដែលកាលនោះចំនួនប្រជាពលរដ្ឋបានទៅបោះឆ្នោតមានចំនួនសរុប ៧ ៣៩៤ ៤២៧នាក់ស្មើនឹង ៨០,៣២ភាគរយប៉ុណ្ណោះ។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានបញ្ជាក់ឱ្យដឹងថា លទ្ធផលនៃចំនួនអ្នកទៅបោះឆ្នោតនេះមិនទាន់ជាផ្លូវការនៅឡើយទេ ខណៈមានការរអាក់រអួលប្រព័ន្ធអ៉ីនធឺណែតក្នុងការផ្តល់តួនាទីតាមមណ្ឌលបោះឆ្នោតដោយសារបញ្ហាអាកាសធាតុ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅទូទាំងប្រទេស បានបិទបញ្ចប់នៅត្រឹមម៉ោង៣រសៀលថ្ងៃនេះ។
គូសបញ្ជាក់ដែរថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួនសរុបប្រមាណ ៩ ៧១០ ៦៥៥នាក់ ក្នុងនោះ ស្រី ៥ ១៦១ ៩០៩នាក់ ដោយឡែកការិយាល័យបោះឆ្នោតសរុបចំនួននៅទូទាំងប្រទេសមានចំនួន ២៣ ៧៨៩ការិយាល័យ៕