ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អ្នកនាំពាក្យ គ.ជ.ប៖ អាជ្ញាធរបានឃាត់ខ្លួនបុគ្គលមួយចំនួនដែលបង្កភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត

ភ្នំពេញ៖ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានប្រាប់EAC ឱ្យថា អាជ្ញាធរបានឃាត់ខ្លួនបុគ្គលមួយចំនួនដែលបានបង្កភាពមិនប្រក្រតីនៅក្នុងការិយាល័យបោះឆ្នោតនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា មានពលរដ្ឋមួយចំនួនបានទៅបោះឆ្នោតហើយ ប៉ុន្តែមិនបានគោរពទៅតាមនីតិវិធីនៃការបោះឆ្នោត ដូចជាករណីបុរសម្នាក់ទៅបោះឆ្នោតនៅការិយាល័យក្នុងសាលាបឋមសិក្សាវត្តមហាមន្ត្រី ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរនៅប៉ុស្ត៍នគរបាល ក្រោយពីបោះឆ្នោតរួចតែមិនព្រមយកសន្លឹកឆ្នោតដាក់ក្នុងហិបឆ្នោត បែរជាដាក់ក្នុងហៅប៉ាវរបស់ខ្លួនទៅវិញ ដល់ពេលមន្ត្រីគ.ជ.ប សួរនាំ បុរសម្នាក់នោះបានទម្លាក់សន្លឹកឆ្នោតចោល។

ករណីមួយទៀត មានបុរសម្នាក់ទៅបោះឆ្នោតនៅមណ្ឌលក្នុងខណ្ឌស្ទឹងមានជ័យ បានចូលក្នុងបន្ទប់សម្ងាត់ ហើយគូសខ្វែងចោលលើសន្លឹកឆ្នោតទាំងមូល ហើយយកទូរសព្ទថតទុក ហើយមកជ្រលក់ទឹកថ្នាំជាធម្មតា ប៉ុន្តែដោយឃើញថាមានការសង្ស័យ ប្រធានការិយាល័យក៏បានសាកសួរ រួចហើយបុរសនោះព្យាយាមលុបរូបដែលខ្លួនបានថត ប៉ុន្តែលុបមិនអស់។

បើតាមអ្នកនាំពាក្យ គ.ជ.ប មានពលរដ្ឋនៅខេត្តស្វាយរៀងម្នាក់ បានដួលសន្លប់នៅក្នុងបន្ទប់សម្ងាត់ ដោយមិនទាន់ដឹងថា រូបគាត់បានគូសសន្លឹកឆ្នោតហើយ ឬក៏នៅទេ ទើបមន្ត្រីគ.ជ.ប អនុវត្តតាមនីតិវិធីដោយយកសន្លឹកឆ្នោតនោះដាក់ក្នុងថង់ និងធ្វើកំណត់ហេតុ។

លោក បានបញ្ជាក់ទៀតថា ក្រៅពីនេះ មានពលរដ្ឋមួយចំនួននៅខេត្តព្រៃវែង បានបោះឆ្នោតរួចរាល់ហើយ ប៉ុន្តែមិនចង់ឱ្យជ្រលក់នៅចង្អុលដោយសុំជ្រលក់នូវម្រាមដៃផ្សេង ប៉ុន្តែមន្ត្រីគ.ជ.ប មិនអនុញ្ញាតឡើយ។ ដោយឡែកនៅក្នុងខេត្តត្បូងឃ្មុំ មានករណីពលរដ្ឋម្នាក់បានទៅបោះឆ្នោតហើយ ប៉ុន្តែមិនព្រមជ្រលក់ដៃទាល់តែសោះ។ ដូច្នេះមន្ត្រីគ.ជ.ប បាននាំខ្លួនបុរសនោះឆ្លើយបំភ្លឺនៅប៉ុស្តិ៍នគរបាល រកឃើញថាបុរសនោះមានផ្ទុកសារធាតុញឿននៅក្នុងខ្លួន។

លោក ហង្ស ពុទ្ធា បានបន្ថែមថា នៅក្នុងខេត្តប៉ៃលិនមានភ្លៀងធ្លាក់តាំងពីយប់ថ្ងៃសៅរ៍ ដែលបង្កជាការលំបាកមួយចំនួនដល់ពលរដ្ឋដែលមកបោះឆ្នោត ខណៈនៅតាមមណ្ឌលបោះឆ្នោតក្នុងខេត្តមួយចំនួនទៀតដូចជាខេត្ត កំពង់ធំ កំពង់ឆ្នាំង កំពត ព្រះសីហនុ និងកែប ដំណើរការបោះឆ្នោតទាំងមានភ្លៀងធ្លាក់ ប៉ុន្តែនៅតែមានប្រជាពលរដ្ឋមកបោះឆ្នោតជាធម្មតា។

អ្នកនាំពាក្យបានបញ្ជាក់ថា គិតមកដល់ម៉ោង២រសៀលនេះមានពលរដ្ឋចំនួនជាង៧លាននាក់បានទៅចូលរួមការបោះឆ្នោត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក