ភ្នំពេញ៖ ប្រធានក្រុមប្រតិកម្មព័ត៌មាននៃ គ.ជ.ប លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ប្រាប់ EAC ឱ្យដឹងថា គិតត្រឹមម៉ោង១:០២នាទី ថ្ងៃនេះមានប្រជាពលរដ្ឋកម្ពុជាចំនួន ៧ ១៨៧ ៧០៥នាក់ ស្មើនឹង ៧១,០២ភាគរយ បានអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតចំនួន ២៣ ៧៨៩ ខណៈដំណើរការបោះឆ្នោតនឹងបញ្ចប់នៅម៉ោង៣:០០រសៀលនេះ។
គួរឱ្យដឹងដែរថា ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧:០០ព្រឹក ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ចាក់ថា ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់ត្រឹមវេលាម៉ោង ៣:០០រសៀល ថ្ងៃទី២៣ ខែកក្កដានេះ ប៉ុន្តែប្រសិនបើនៅតែមានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរក្នុងបរិវេណខាងក្នុងការិយាល័យ បោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។ បន្ទាប់ពីបញ្ចប់ការបោះឆ្នោតភ្លាម នឹងមានការរាប់សន្លឹកឆ្នោតជាបឋមតែម្តង។
គូសបញ្ជាក់ថា ពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃអាទិត្យនេះក្នុងការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩៕