ភ្នំពេញ៖ យោងតាមប្រធានក្រុមប្រតិកម្មព័ត៌មាននៃ គ.ជ.ប លោក ឌឹម សុវណ្ណារុំ បានឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថា គិតត្រឹមម៉ោង១១:០២ ព្រឹកនេះប្រជាពលរដ្ឋកម្ពុជាអញ្ជើញទៅបោះឆ្នោតមានចំនួន ៤ ៧១៤ ០៧៤នាក់។
ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧:០០ព្រឹក ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ចាក់ថា ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់ត្រឹមវេលាម៉ោង ៣:០០រសៀលថ្ងៃទី២៣ ខែកក្កដានេះ ប៉ុន្តែប្រសិនបើនៅតែមានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរក្នុងបរិវេណខាងក្នុងការិយាល័យ បោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។
គូសបញ្ជាក់ថា ពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិ ក្នុងការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩៕