ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកដំណើរការ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
ភ្នំពេញ៖ ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧:០០ព្រឹក ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតនៅឃុំ សង្កាត់ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការនៃឃុំ សង្កាត់នោះ ដោយត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ដែលផុតសុពលភាពនៅឆ្នាំ២០២២ ឬឆ្នាំ២០២៣ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ចាក់ថា ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់ត្រឹមវេលាម៉ោង ៣:០០រសៀល ថ្ងៃទី២៣ ខែកក្កដានេះ ប៉ុន្តែប្រសិនបើនៅតែមានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរក្នុងបរិវេណខាងក្នុងការិយាល័យ បោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ប្រធានគណៈកម្មការ ការិយាល័យបោះឆ្នោត អាចប្រកាសបិទបញ្ចប់ការបោះឆ្នោតនៅការិយាល័យរបស់ខ្លួននៅមុនម៉ោង៣:០០រសៀលបាន ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យ បោះឆ្នោតនោះ បានបោះឆ្នោតគ្រប់គ្នាអស់ហើយ។
ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោត សរុបចំនួន ៩ ៧១០ ៦៥៥នាក់ ខណៈ ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស មានចំនួនសរុប ២៣ ៧៨៩ ការិយាល័យ។
គួរឱ្យដឹងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបូកសរុបដំណើរការទូទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅវេលាម៉ោង ៦:០០ល្ងាចនេះ បន្ទាប់លទ្ធផលបឋមនៃការបោះឆ្នោត៕