ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូសង្កេតការណ៍អន្តរជាតិចំនួន៨៥រូប ក្នុងចំណោមអ្នកសង្កេតការណ៍បរទេសចំនួន ៣៣៤រួប ដែលមកពីប្រទេសចំនួន៦៥ នៅវិមានសន្តិភាពនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ស្រ៊ី ថាមរុង្គ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកសង្កេតការណ៍អន្តរជាតិដែលបានមកចូលរួមពិនិត្យនិងតាមដានសិក្សាការបោះឆ្នោតនៅកម្ពុជាលើសពីការចូលរួមបោះឆ្នោតកាលពីឆ្នាំកន្លងទៅ ដែលនេះបង្ហាញពីការរីកលូតលាស់នៃប្រជាធិបតេយ្យនៅកម្ពុជា។
លោកបានបញ្ជាក់ថា សម្តេចតេជោបានជម្រាបដល់អ្នកសង្កេតការណ៍ទាំងអស់ដែលនឹងតាមដានការបោះឆ្នោតនៅថ្ងៃស្អែកតាមទីកន្លែង និងដោយសេរី ហើយនឹងឃើញពីភាពជាក់ស្តែងនៃការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា។ បន្ទាប់មកសម្តេចតេជោនឹងអនុញ្ញាតឱ្យតំណាងនៃបណ្តាថ្នាក់ដឹកនាំនៃអ្នកសង្កេតការណ៍ទាំងនោះមានមតិយោបល់មួយចំនួនមុននឹងសម្តេចធ្វើការពិភាក្សា និងរៀបរាប់លម្អិតពីដំណើរការនៃការបោះឆ្នោតនៅកម្ពុជា។
បើតាមលោក ស្រ៊ី ថាមរុង្គ គណៈប្រតិភូដែលបានឡើងបញ្ចេញមតិ បានសម្តែងពីការចាប់អារម្មណ៍ចំពោះសភាពការល្អប្រសើរ ពិសេសការរីកចម្រើននៅកម្ពុជា ដោយប្រតិភូមួយចំនួនខាងលើធ្លាប់បានមកក្នុងការបោះឆ្នោតលើកមុនៗ ហើយមួយចំនួនទៀតក៏ធ្លាប់មកបំពេញទស្សនាកិច្ចនៅក្នុងអតីតកាល បានកោតសសើរការរីកចម្រើនយ៉ាងលឿនទាំងខាងនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ពិសេសអគារខ្ពស់ៗ ផ្លូវល្អស្អាត សណ្តាប់ធ្នាប់ ហើយប្រជាជនរស់នៅមានទឹកមុខរីករាយដែលបង្ហាញពីការរស់នៅប្រកបដោយជីវភាពកាន់តែល្អប្រសើរជាលំដាប់។
លោកបានបន្តថា សម្តេចតេជោបានពន្យល់ពីប្រព័ន្ធបោះឆ្នោតនៅកម្ពុជាដែលតែងប្រព្រឹត្តិទៅជាទៀងទាត់ជារៀងរាល់៥ឆ្នាំម្តង ដែលនេះបង្ហាញពីប្រទេសមួយដែលបានអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលគណបក្សនយោបាយនានាមានពេលគ្រប់គ្រាន់រយៈពេល៥ឆ្នាំក្នុងការរៀបចំចូលរួមក្នុងការបោះឆ្នោត។
លោកបន្ថែមថា សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានរៀបរាប់ពីការបោះឆ្នោតនៅកម្ពុជាតាមបែបសមាមាត្រនៅតាមខេត្ត ដែលនេះបានអនុវត្តចាប់ពីកិច្ចព្រមព្រៀងប៉ារីស ហើយជាបទពិសោធន៍បានបង្ហាញថាយើងបានរារាំងក្នុងការចូលរួមរបស់ខ្មែរក្រហម។
លោកបានដកស្រង់ប្រសាសន៍របស់សម្តេចតេជោដូច្នេះថា៖«បើយើងធ្វើការបោះឆ្នោតសមាមាត្រនៅទូទាំងប្រទេសដែលខ្មែរក្រហមអាចមានអាសន្នៈក្នុងសភាជាអង្គការខុសច្បាប់ដែលយើងមិនអាចចាត់វិធានការ ដែលយើងបានធ្វើកន្លងមកនោះទេប្រសិនយើងបានអនុវត្តបែបផែនសមាមាត្រទូទាំងប្រទេស ហើយការអនុវត្តសមាមាត្រនៅតាមខេត្តគឺធ្វើឱ្យខ្មែរក្រហមអាចមានកៅអីគ្រប់គ្រាន់ដណ្តើមកៅអីនៅក្នុងសភា»។
លោកបន្តបញ្ជាក់ថា សម្តេចតេជោបានបញ្ជាក់ពីតម្លៃរបស់មន្ត្រីគណបក្សដែលបានដាក់ចេញនូវវិន័យយ៉ាងតឹងរ៉ឹងនៃដែលបានបំបាត់នូវអំពើពុករលួយនៅក្នុងការទិញដូរតំណាងរាស្ត្រនៅក្នុងប្រទេសខ្លះដែលបានអនុម័តឱ្យមានការបោះឆ្នោតឯកត្តនាម ដោយការបោះឆ្នោតឯកត្តនាមគឺធ្វើឱ្យបេក្ខជនដែលជាប់ឈ្នះអាចផ្ទេរពីគណបក្សមួយទៅគណបក្សមួយ ដើម្បីចូលទៅក្នុងគណបក្សណាមួយដើម្បីបង្កើតរដ្ឋាភិបាល។
បន្ថែមពីនេះនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឱ្យដឹងផងដែរអំពីការរៀបចំរបស់សម្តេច និងគណបក្សក្នុងការត្រៀមអ្នកបន្តវេនវ័យក្មេងដើម្បីឱ្យអ្នកជំនាន់ក្រោយដែលទទួលបានការសិក្សាខ្ពង់ខ្ពស់មានជំនាញបច្ចេកវិទ្យាឌីជីថល បន្តការដឹកនាំពីមនុស្សជំនាន់ចាស់។
លោកដកស្រង់ប្រសាសន៍របស់សម្តេចតេជោដូច្នេះថា៖ «ទាំងអស់នេះគឺជាការត្រៀមដើម្បីឱ្យបន្តនិរន្តភាពនៃស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច ជៀសវាងមានការរំជើបរំជួល ឬសង្គ្រាមដែលនាំឱ្យខូចខាតប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេស»។
ការសម្រេចផ្លាស់ប្តូរវេននោះគឺអាស្រ័យលើលទ្ធផលការបោះឆ្នោត និងការសម្រេចចិត្តនៅពេលខាងមុខ។ សម្តេចតេជោក៏បានមានប្រសាសន៍ផងដែរថាអំពីគម្រោងកាលបរិច្ឆ័ទដែលរាជរដ្ឋាភិបាលថ្មីអាចនឹងបង្កើតឡើងដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅដើមខែកញ្ញាខាងមុខនេះ។
សម្តេចក៏បានបង្ហើបឱ្យដឹងដែរថា គណៈរដ្ឋមន្ត្រីថ្មីនឹងត្រូវបង្កើតឡើង ប៉ុន្តែមិនអាចដឹងថាបង្កើតឡើងនៅពេលណា គឺអាស្រ័យលើលទ្ធផលបោះឆ្នោតខាងមុខនេះ។ ទាំងនេះជាការគិតគូរបស់រាជរដ្ឋាភិបាលដើម្បីរក្សាបាននូវសេ្ថរភាព និរន្តភាព សន្តិភាព និងការអភិវឌ្ឍដោយមិនមានឧបស្គគណាដែលបង្កឱ្យប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
គណៈប្រតិភូទាំងអស់ក្រោយបានស្តាប់ការពន្យល់របស់សម្តេច សុទ្ធតែបានសម្តែងនូវការពេញចិត្ត និងបានរៀនសូត្រពីបទពិសោធន៍ និងភាពឈ្លាសវៃរបស់សម្តេចក្នុងការដឹកនាំប្រទេសដ៏យូរលង់នេះប្រកបដោយភាពម៉ឺងម៉ាត់នាំប្រទេសពីសង្រ្គាមមកសន្តិភាព ពីភាពបែកបាក់មកការរួបរួមគ្នាជាធ្លុងមួយរស់នៅដោយសុខដុមរមនាហើយមានការអភិវឌ្ឍន៍ទាំងសេដ្ឋកិច្ច នយោបាយ ជីវភាពប្រជាជនត្រូវបានលើកតម្កើងហើយគណៈប្រតិភូទាំងអស់សុទ្ធតែបានសម្តែងនូវការជូនពរចំពោះសម្តេចក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ឱ្យបានជោគជ័យត្រចះត្រចង់ក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ។
បន្ទាប់ពីកិច្ចជំនួបសំណេះសំណាលជាមួយគណៈប្រតិភូសង្កេតការណ៍អន្តរជាតិ សម្តេចតេជោអនុញ្ញាតឱ្យមានការថតរូបជុំគ្នាទុកជាអនុស្សាវរិយ៍ រួចហើយបន្តពិសាអាហារថ្ងៃត្រង់៕